គ្រោះរញ្ជួយដី នៅអាហ្គានីស្ថាន ធ្វើឲ្យអ្នកបាត់បង់ជីវិត កើនទៅដល់ជាង២២០០នាក់

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ការរញ្ជួយដីកម្រិត៥,៦រិចទ័រ បានវាយប្រហារភាគខាងកើត ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ដែលស្ថិតនៅក្នុងជម្រៅប្រមាណ ជា១៤គីឡូម៉ែត្រភាគខាងកើតនៃទីក្រុង Jalalabad រដ្ឋធានីនៃខេត្ត Nangarhar ។
ការរញ្ជួយចុងក្រោយនេះកើតឡើងបន្ទាប់ពីមានការរញ្ជួយដី ជាបន្តបន្ទាប់ដែលបានបំផ្លិចបំផ្លាញខេត្ត Nangarhar និងខេត្ត Kunar, Laghman និង Nuristan ដែលនៅជិតខាងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ។
គ្រោះមហន្តរាយដែលខ្លាំងបំផុតក្នុង រយៈពេលចុងក្រោយគឺជាការរញ្ជួយដីកម្រិត៦ រ៉ិចទ័រ បានវាយប្រហារកាលពីល្ងាចថ្ងៃអាទិត្យ ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញ យ៉ាងធ្ងន់ធ្ងរ និងការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិយ៉ាងច្រើន។
របាយការណ៍ផ្លូវការបាន បញ្ជាក់ពីអ្នកស្លាប់បានកើនឡើងទៅដល់ជាង២,២០០ នាក់ និងរបួសជាង ៣,៦០០ នាក់ ហើយមកដល់ពេលលនេះ ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត ដើម្បីយកសាកសពចេញពីគំនរបាក់បែកនៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី
