ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ស្នើអាមេរិក​ នូវទម្រង់ថ្មី សម្រាប់ការពារដែនអាកាស របស់ខ្លួន

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា អ៊ុយក្រែន បានស្នើទៅសហរដ្ឋអាមេរិកនូវទម្រង់ថ្មីមួយ សម្រាប់ការពារដែន អាកាសអ៊ុយក្រែន ។ លោក ហ្សេឡិនស្គី បានឲ្យដឹងនៅក្នុងការបង្ហោះនៅលើ X បន្ទាប់ពីកិច្ចសន្ទនា របស់លោកជាមួយ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថា “អ៊ុយក្រែនបានស្នើសុំទម្រង់ សម្រាប់ការការពារដែនអាកាសរបស់យើង សម្រាប់សហរដ្ឋអាមេរិក ដើម្បីពិចារណា” ។

យោងតាមសេវាសារព័ត៌មានរបស់លោក ហ្សេឡិនស្គី ការសន្ទនាជាមួយលោក ត្រាំ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនៃ “សម្ព័ន្ធនៃឆន្ទៈ” នៅទីក្រុងប៉ារីស ដែលត្រូវបានចូលរួមផងដែរដោយប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Mark Rutte និងមេដឹកនាំនៃបណ្តាប្រទេសអឺរ៉ុប។

ផ្ទាំងពាណិជ្ជកម្ម

ថ្លែងជាមួយលោក ហ្សេឡិនស្គី នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំនោះ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចំនួន ២៦ ដែលភាគច្រើនជាអឺរ៉ុប បានសន្យាជាផ្លូវការ ក្នុងការដាក់ពង្រាយកងទ័ព ជាផ្នែកមួយនៃបទឈប់បាញ់ នាពេលអនាគតរបស់រុស្ស៊ី និងអ៊ុយក្រែន ទោះបីជាមិនមែនដោយផ្ទាល់នៅជួរមុខក៏ដោយ។

លោក ម៉ាក្រុង បានលើកឡើងថា បណ្តាប្រទេសនានានឹងរួមចំណែកដល់ “កម្លាំងធានា” ដែលអាចដាក់ពង្រាយកងទ័ពនៅក្នុងអ៊ុយក្រែន ឬផ្តល់ការគាំទ្រនៅលើដី សមុទ្រ ឬនៅលើអាកាស។ លោក ហ្សេឡិនស្គី បានស្វាគមន៍ការប្រកាសនេះថាជាជំហានមួយឆ្ពោះទៅមុខ “ជាក់ស្តែង” ហើយបានសង្កត់ធ្ងន់ថា កិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន មិនថាទ្វេភាគី ឬត្រីភាគីគឺ “ចាំបាច់” សម្រាប់ការជំរុញកិច្ចខិតខំ ប្រឹងប្រែងសន្តិភាព ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top