ចិន ជំរុញបុគ្គលហ្វីលីពីនមួយចំនួន ឲ្យឈប់បង្ករឿងលើសំណួរតៃវ៉ាន់

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឲ្យដឹងថា ប្រទេសចិនបានជំរុញឱ្យបុគ្គលហ្វីលីពីនមួយចំនួន ឈប់សម្តែងល្ខោន និងបញ្ឈប់ការបង្ករឿងលើសំណួរតៃវ៉ាន់។
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោក Gilbert Teodoro ឆ្លើយតបនឹងការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន ចំពោះហ្វីលីពីន ដែលអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចរបស់ប្រធាននាយកដ្ឋានកិច្ចការបរទេសនៃអាជ្ញាធរតៃវ៉ាន់ បានឲ្យដឹងថា ចិន មិនគួរដាក់ខ្សែក្រហមរបស់ខ្លួនលើហ្វីលីពីនឡើយ ហើយថាវាជាអធិបតេយ្យភាពរបស់ហ្វីលីពីនក្នុងការទទួលយកមន្ត្រីតៃវ៉ាន់។
លោក Teodoro បានលើកឡើងថា គ្មានមន្ត្រីរដ្ឋាភិបាលណាម្នាក់បានជួបជាមួយលោក Lin Chia-lung ហើយហ្វីលីពីន “ប្តេជ្ញាចិត្តចំពោះគោលនយោបាយចិនតែមួយ” ប៉ុន្តែ “ចិនគ្មានសិទ្ធិផ្តាច់ការនោះទេ” ។
លោក Guo បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ប្រទេសចិន បានបង្ហាញពីជំហរដ៏ឧឡារិករបស់ខ្លួន ចំពោះហ្វីលីពីន ដែលអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចដោយប្រធាននាយកដ្ឋានកិច្ចការបរទេសនៃអាជ្ញាធរតៃវ៉ាន់។
លោកបានសង្កត់ធ្ងន់ថា ប្រទេសហ្វីលីពីន បានទទួលយកពាក្យ និងទង្វើខុសឆ្គង និងញុះញង់ម្តងហើយម្តងទៀតលើបញ្ហាដែលទាក់ទងនឹងតៃវ៉ាន់ រំលោភលើបទដ្ឋានជាមូលដ្ឋានក្នុងការគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ និងការប្តេជ្ញាចិត្តរបស់ខ្លួនលើបញ្ហាដែលទាក់ទងនឹងតៃវ៉ាន់ ហើយបានបន្តធ្វើឱ្យខូចទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន និងដើរជាន់លើបន្ទាត់ក្រហមរបស់ប្រទេសចិន។
លោកបានបន្តថា «ហ្វីលីពីននឹងបង់ថ្លៃ ហើយផលវិបាកទាំងអស់ដែលកើតឡើងត្រូវតែជាបន្ទុកដោយហ្វីលីពីន»៕
ប្រែសម្រួល ឈូក បូរ៉ា
