លោក ថាក់ស៊ីន ត្រូវបានបញ្ជូនចេញពីពន្ធនាគារពិសេសទីក្រុងបាងកក ទៅកាន់ពន្ធនាគារមួយទៀត ដែលជាពន្ធនាគារមានកម្រិតសុវត្ថិភាពខ្ពស់

បរទេស: នាយកដ្ឋានកែប្រែរបស់ថៃ បានបញ្ជូនលោក ថាក់ស៊ីន ចេញពីពន្ធនាគារពិសេសទីក្រុងបាងកក ទៅកាន់ពន្ធនាគារកណ្តាល Klong Prem ដើម្បីឃុំខ្លួន ដែលជាពន្ធនាគារមានកម្រិតសុវត្ថិភាពខ្ពស់។
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បានឲ្យដឹងថា នៅម៉ោង ៥ និង ១០ នាទីល្ងាច ក្បួនរថយន្តរបស់ពន្ធនាគារពីពន្ធនាគារពិសេសក្រុងបាងកកបានផ្លាស់ប្តូរទៅកាន់ពន្ធនាគារកណ្តាល Klong Prem ។ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានគេឃើញអង្គុយក្បែរបង្អួច ដោយពាក់អាវពណ៌ខៀវ និងខោខ្លីពណ៌ខ្មៅ ដែលជាពណ៌ឯកសណ្ឋានសម្រាប់អ្នកទោស ដែលត្រូវតុលាការកាត់ទោសចុងក្រោយនៅពន្ធនាគារពិសេសទីក្រុងបាងកក។ នៅពេលអ្នកកាសែតស្រែកសួរ លោក ថាក់ស៊ីន មិនបានឆ្លើយតបទេ តែបែរមកមើលអ្នកកាសែតទាំងញញឹម។
ពន្ធនាគារកណ្តាល Klong Prem គឺជាពន្ធនាគារមួយក្នុងចំណោមពន្ធនាគារចំនួន ៥ ដែលមានសន្តិសុខកម្រិតអតិបរមារបស់ប្រទេសថៃ។
ប្រែសម្រួល: ណៃ តុលា
