ព័ត៌មានអន្តរជាតិ

ប្រទេសរុស្ស៊ី គ្រោងនឹងសាងសង់ មជ្ឈមណ្ឌលទិន្នន័យថ្មីចំនួន ៨បន្ថែមទៀត នៅត្រឹមឆ្នាំ២០៣៦

មូស្គូ៖ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បានប្រកាសថា ប្រទេសរុស្ស៊ី នឹងសាងសង់មជ្ឈមណ្ឌល ទិន្នន័យថ្មីចំនួន ៨បន្ថែមទៀត និង ពង្រីកបណ្តាញដឹកជញ្ជូន ថាមពល និង ទំនាក់ទំនងរបស់ខ្លួន ក្រោមផែនការអភិវឌ្ឍន៍ ទ្រង់ទ្រាយធំ រហូតដល់ឆ្នាំ២០៣៦ ។

រដ្ឋាភិបាលរុស្ស៊ីបានឲ្យដឹងថា មជ្ឈមណ្ឌលទិន្នន័យថ្មី ដែលត្រូវបានសាងសង់ជាដំណាក់កាល នឹងអាចផ្ទុកម៉ាស៊ីនមេជាង ១០,០០០ កន្លែង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោក Mishustin បានប្រាប់កិច្ចប្រជុំរដ្ឋាភិបាលថា ផែនការនេះក៏រួមបញ្ចូលផងដែរ នូវការសាងសង់ និងការកសាងឡើងវិញ នូវផ្លូវដែកប្រវែង ប្រហែល ៤,៥០០ គីឡូម៉ែត្រ និងផ្លូវហាយវេជាង ២,០០០ គីឡូម៉ែត្រ ព្រមទាំងការដំឡើង ខ្សែបណ្តាញ តង់ស្យុងខ្ពស់ជាង ៨០០ គីឡូម៉ែត្រ និងបណ្តាញទំនាក់ទំនង fiber-optic ជិត ២០,០០០ គីឡូម៉ែត្រ។

ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រុស្ស៊ីបានឲ្យដឹងថា ទំហំនៃការសាងសង់ ដែលបានគ្រោងទុក គឺមិនធ្លាប់មានពីមុនមក ជាមួយនឹងការវិនិយោគជិត ២០ទ្រីលានរូប្ល (ប្រហែល ២៤០ ពាន់លានដុល្លារអាមេរិក) នៅក្នុងឆ្នាំ ២០៣៦ ដែលស្មើនឹងជិត ១០ ភាគរយនៃផលិតផល ក្នុងស្រុកសរុប របស់ប្រទេសរុស្ស៊ី នាពេលបច្ចុប្បន្ន ៕

To Top