ព័ត៌មានអន្តរជាតិ

រុស្ស៊ី ថ្កោលទោសការវាយប្រហារ របស់អ៊ុយក្រែន លើជនស៊ីវិល ក្នុងទីក្រុង Donetsk

មូស្គូ៖ អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឲ្យដឹងថា ទីក្រុងមូស្គូ បានថ្កោលទោស ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន ប្រឆាំងនឹងជនស៊ីវិលនៅក្នុងតំបន់ Donetsk នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោកស្រី Zakharova បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “នៅល្ងាចថ្ងៃអាទិត្យ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានវាយប្រហារសួនកុមារ មួយកន្លែងនៅក្នុងសួន Gulliver Park ក្នុងទីក្រុង Donetsk ដែលទើបនឹងបើកថ្មី ដោយប្រើដ្រូន UAV នៅពេលដែលជនស៊ីវិល ជាច្រើនបានប្រមូលផ្តុំគ្នានៅទីនោះ” ។

យោងតាមប្រធានតំបន់ Donetsk លោក Denis Pushilin បានឱ្យដឹងថា ជនស៊ីវិល ៦ នាក់ បានរងរបួស រួមទាំងកុមារ ម្នាក់អាយុ ១៤ឆ្នាំ ហើយអគារ ជាច្រើនត្រូវបានខូចខាត បន្ទាប់ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែន ទៅលើសួនកុមារ មួយកន្លែងនេះ ។

លោកស្រី Zakharova បានថ្កោលទោស ការវាយប្រហារនេះថាជា “អំពើភេរវកម្មដោយចេតនា” ប្រឆាំងនឹងជនស៊ីវិល ដោយលើកឡើងពីការ ខ្វះខាតសម្ភារៈយោធានៅជិតតំបន់ ដែលត្រូវបានវាយប្រហារ ។ លោកស្រីបានបន្ដថា រុស្ស៊ីរក្សាសិទ្ធិក្នុងការ បញ្ចេញការឆ្លើយតប តាមសមាមាត្រ ប៉ុន្តែនៅតែប្តេជ្ញាស្វែង រកដំណោះស្រាយ ដោយសន្តិវិធី តាមរយៈការសន្ទនា៕

To Top