ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនយក្សចិន BYD រំពឹងបង្កើនប្រតិបត្តិការនៅឥណ្ឌា ខណៈទំនាក់ទំនងកំពុងល្អប្រសើរ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនដ៏ល្បីល្បាញ BYD កំពុងស្វែងរកពង្រីកប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌាបន្ថែមទៀតនៅពេលខាងមុខនេះ។

ប្រព័ន្ធផ្សព្វផ្សាយដដែលបានរាយការណ៍ថា នាយកគ្រប់គ្រងប្រទេសឥណ្ឌារបស់ BYD លោក Ketsu Zhang ទំនងជានឹងធ្វើដំណើរទៅកាន់ប្រជាជាតិអាស៊ីខាងត្បូង ក្នុងរយៈពេលពីរបីខែខាងមុខនេះ។

យោងតាមរបាយការណ៍បានឱ្យដឹងទៀតថា ក្រុមហ៊ុនផលិតរថយន្តដែលមានមូលដ្ឋាននៅទីក្រុង Shenzhen បានចាប់ផ្តើមទទួលបានទិដ្ឋាការសម្រាប់អ្នកគ្រប់គ្រង និងវិស្វករកំពូលរបស់ខ្លួន ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុន ចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាលឡើងវិញ និងថែទាំឧបករណ៍របស់ខ្លួនផងនៅក្នុងទីផ្សារប្រទេសឥណ្ឌា។

នៅពេលដែលទំនាក់ទំនងទ្វេភាគីរវាងទីក្រុងញូវដេលី និងទីក្រុងប៉េកាំងបានផ្ទុះបញ្ហាជម្លោះឡើងក្នុងឆ្នាំ ២០២០ប្រទេស ឥណ្ឌាបានដាក់គោលនយោបាយរឹតត្បិតទិដ្ឋាការ សម្រាប់ពលរដ្ឋចិនទាំងអស់។
គួរឲ្យដឹងដែរការរឹតបន្តឹងទាំងនេះ កំពុងត្រូវបានបន្ធូរបន្ថយជាបណ្តើរៗ នៅពេលដែលប្រទេសជិតខាងអាស៊ីធ្វើការឆ្ពោះទៅរក ទំនាក់ទំនងកាន់តែប្រសើរឡើងវិញនៅពេលថ្មីៗកន្លងមកនេះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top