គណបក្សប្រជាធិបតេយ្យនៅអាមេរិក ថ្កោលទោស “អំពើហឹង្សានយោបាយ” បន្ទាប់ពីការបាញ់សម្លាប់ សកម្មជនអភិរក្សនិយម គឺលោក Charlie Kirk

បរទេស៖ គណបក្សប្រជាធិបតេយ្យបានបរិហារ “នយោបាយ” និង “អំពើហិង្សាដោយកាំភ្លើង” បន្ទាប់ពីមានការសម្លាប់សកម្មជនអភិរក្សនិយម គឺលោក Charlie Kirk ខណៈដែលអ្នកសាធារណរដ្ឋបានចងចាំគាត់ថា ជាអ្នកស្នេហាជាតិ និងទាមទារយុត្តិធម៌យ៉ាងឆាប់រហ័ស។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា អតីតប្រធានាធិបតីអាមេរិក លោក Joe Biden បានសរសេរនៅលើ X ថា “មិនមានកន្លែងនៅក្នុងប្រទេសរបស់យើងសម្រាប់អំពើហឹង្សាបែបនេះទេ។ វាត្រូវតែបញ្ចប់ឥឡូវនេះ” ។ អនុប្រធានាធិបតីគឺលោកស្រី Kamala Harris បាននិយាយថា លោកស្រី “មានការរំខានយ៉ាងខ្លាំង” ចំពោះការបាញ់ប្រហារនៅរដ្ឋ Utah ហើយបានទទូចថា “អំពើហឹង្សានយោបាយមិនមានកន្លែងនៅក្នុងសហរដ្ឋអាមេរិកទេ” ។
មេដឹកនាំប្រជាធិបតេយ្យផ្សេងទៀតបានបន្ទរសារ ក្នុងនោះ មេដឹកនាំសំឡេងភាគតិចក្នុងសភា លោក Hakeem Jeffries បាននិយាយថា “អំពើហឹង្សានយោបាយមិនអាចទទួលយកបានទេ” ខណៈដែលអភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក Gavin Newsom បានសរសេរថា “យើងត្រូវតែបដិសេធអំពើហឹង្សានយោបាយក្នុងគ្រប់ទម្រង់ទាំងអស់”។ មេដឹកនាំសំឡេងភាគតិចព្រឹទ្ធសភាលោក Chuck Schumer បាននិយាយដូចគ្នាថា “អំពើហឹង្សានយោបាយមិនមានកន្លែងនៅក្នុងសហរដ្ឋអាមេរិកទេ” ។
ចំណែកអតីតប្រធានសភាអាមេរិក គឺលោកស្រី Nancy Pelosi បានភ្ជាប់សោកនាដកម្មនេះទៅនឹងការព្រួយបារម្ភកាន់តែទូលំទូលាយអំពីអំពើហឹង្សាដោយកាំភ្លើង ដោយហៅការបាញ់ប្រហារថា “គួរឱ្យស្អប់ខ្ពើម” និងជំរុញជនជាតិអាមេរិកឱ្យ “រក្សាសហគមន៍ UVU ទាំងមូលនៅក្នុងបេះដូងរបស់យើង នៅពេលដែលពួកគេស៊ូទ្រាំនឹងរបួសនៃអំពើហិង្សាដោយកាំភ្លើងនេះ” ។
អ្នកតំណាង Alexandria Ocasio-Cortez ក៏បានថ្កោលទោសការវាយប្រហារសកម្មជនអភិរក្សនិយម គឺលោក Charlie Kirk នេះផងដែរ ដោយហៅវាថាជាផ្នែកមួយនៃ “ការវាយលុកនៃអំពើហិង្សាដោយកាំភ្លើង និងអំពើហិង្សានយោបាយ” ដែល “ត្រូវតែបញ្ចប់” ។
សូមជម្រាបថា លោក Kirk អាយុ 31 ឆ្នាំគឺជាស្ថាបនិកនៃ Turning Point USA និងជាអ្នកតស៊ូមតិដ៏លេចធ្លោសម្រាប់ការចូលរួមរបស់យុវជនអភិរក្សនិយម។ អភិបាលរដ្ឋ Utah លោក Spencer Cox បាននិយាយថា លោកបាននិយាយជាមួយលោក Trump ហើយបានប្តេជ្ញាថានឹងនាំជនល្មើសមកកាត់ទោស៕
ប្រែសម្រួលៈ ណៃ តុលា
