សត្វតោឈ្មោលឈ្មោះ Trump គឺជាសត្វដែលខាំស៊ីបុគ្គលិកសួនសត្វនៅថៃដំបូងគេ ក្រោយមកសត្វតោ4ក្បាលទៀត ចូលរួមខាំតាមក្រោយ

បរទេស: សត្វតោឈ្មោលអាយុ 10 ឆ្នាំដែលមានឈ្មោះថា Trump គឺជាសត្វដែលធ្វើការវាយប្រហារខាំស៊ីបុគ្គលិកសួនសត្វដំបូងគេ ក្រោយមកសត្វ4ក្បាលផ្សេងទៀតបានចូលរួមខាំតាមក្រោយ។
បើតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី11 ខែកញ្ញានេះថា សត្វតោចំនួន 5 ក្បាល ត្រូវបានបំបែកចូលទៅក្នុងទ្រុងនីមួយៗ បន្ទាប់ពីពួកវាបានវាយប្រហារ និងសម្លាប់លោក Jian ដែលជាអ្នកថែរក្សាសួនសត្វនៅ Safari World ក្នុងទីក្រុងបាងកក ។
ជនរងគ្រោះឈ្មោះ Jian អាយុ 58 ឆ្នាំជាអ្នកមើលថែសត្វតោ និងខ្លា ដែលបានធ្វើការនៅសួនសត្វអស់រយៈពេល 30 ឆ្នាំមកហើយ។ ការវាយប្រហារនេះបានកើតឡើងនៅម៉ោងប្រហែល 11:00 ព្រឹក ថ្ងៃទី 10 ខែកញ្ញា នៅពេលដែលបុគ្គលិកដែលមានបទពិសោធន៍បានចេញពីរថយន្តរបស់គាត់ដើម្បីយករបស់របរដែលគាត់បានទម្លាក់នៅសួន safari ដែលមានទីតាំងនៅសង្កាត់ Khannayao ទីក្រុងបាងកក ។ នេះបើយោងតាមការបញ្ជាក់របស់ប៉ូលីស។
ខណៈកំពុងអោនចុះទៅយកវត្ថុដោយបែរខ្នងទៅសត្វតោ ស្រាប់តែសត្វតោមួយក្បាលបានចូលមកពីចម្ងាយប្រហែល ១០ ម៉ែត្រ ហើយបានវាយប្រហារគាត់ពីក្រោយ។ សត្វតោបានអូសបុគ្គលិកនោះ ហើយចាប់ផ្តើមខាំគាត់ មុនពេលសត្វតោបីទៅបួនផ្សេងទៀតបានចូលរួមក្នុងការវាយប្រហារ។
ការវាយលុកបានបន្តប្រហែល 15 នាទី ខណៈដែលភ្ញៀវទេសចរ រន្ធត់តក់ស្លុត ទាំងភ្ញៀវថៃ និងភ្ញៀវបរទេស បានមើលដោយអស់សង្ឃឹមពីរថយន្តរបស់ពួកគេ ដោយបានចុចកំផ្លេរថយន្ត និងស្រែកក្នុងបំណងបន្លាចសត្វតោចេញ៕
ប្រែសម្រួល: ណៃ តុលា
