ព័ត៌មានអន្តរជាតិ

អឺរ៉ុប បង្កើនការថ្កោលទោសអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារលើទីក្រុងដូហា

ព្រុចសែល៖ សហភាពអឺរ៉ុប  និងអង្គការសហប្រជាជាតិ ក៏ដូចជារដ្ឋាភិបាលអឺរ៉ុបមួយចំនួននៅសប្តាហ៍នេះ បានពង្រឹងជំហររបស់ពួកគេលើយុទ្ធនាការយោធា ដែលកំពុងកើនឡើងរបស់អ៊ីស្រាអែលនៅទូទាំងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីវាបានបើកការវាយប្រហារតាមអាកាសលើប្រទេសកាតា កាលពីរសៀលថ្ងៃអង្គារ។

ការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងដូហា បានកំណត់គោលដៅលើទីតាំងមួយដែលត្រូវបានចោទប្រកាន់ថាប្រើប្រាស់ដោយមេដឹកនាំជាន់ខ្ពស់ក្រុមហាម៉ាស់។ ទោះបីជាក្រុមហាម៉ាស់ បានរាយការណ៍ថាគណៈប្រតិភូរបស់ខ្លួនបានរួចរស់ជីវិតក៏ដោយ ក៏មនុស្ស ៦ នាក់ត្រូវបានសម្លាប់ រួមទាំងអ្នកអមដំណើរ និងមន្ត្រីសន្តិសុខកាតាម្នាក់ផងដែរ។

ការវាយប្រហារនេះបានទាក់ទាញការថ្កោលទោសយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក។ កាលពីថ្ងៃអង្គារ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានហៅវាថាជាការរំលោភលើអធិបតេយ្យភាពកាតា ខណៈអ្នកនាំពាក្យក្រសួងការបរទេសសហភាពអឺរ៉ុប Anouar El Anouni បានឲ្យដឹងថា ខ្លួនបានរំលោភលើ “ច្បាប់អន្តរជាតិ និងបូរណភាពទឹកដីរបស់ប្រទេសកាតា ហើយប្រថុយនឹងការកើនឡើងនៃអំពើហិង្សានៅក្នុងតំបន់”។

រហូតមកដល់ពេលនេះ អេស្ប៉ាញ បានចេញការថ្កោលទោសយ៉ាងខ្លាំងបំផុតលើអ៊ីស្រាអែល។ ក្នុងរយៈពេលប៉ុន្មានម៉ោងនៃការវាយឆ្មក់នៅទីក្រុងដូហា រដ្ឋាភិបាលអេស្ប៉ាញបានអនុម័តក្រឹត្យស្តីពីការហាមឃាត់អាវុធរបស់ខ្លួនជាផ្លូវការ ដោយហាមមិនឱ្យនាវាដឹកអាវុធ ឬប្រេងឥន្ធនៈចូលចតនៅកំពង់ផែអេស្ប៉ាញ និងយន្តហោះការពារអ៊ីស្រាអែលពីដែនអាកាសអេស្ប៉ាញ និងបង្កើនជំនួយមនុស្សធម៌ដល់ហ្គាហ្សា។ អេស្ប៉ាញក៏បានហាមឃាត់រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែលលោក Bezalel Smotrich និងរដ្ឋមន្ត្រីសន្តិសុខជាតិលោក Itamar Ben-Gvir មិនឱ្យចូលទឹកដីអេស្ប៉ាញ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top