ក្រុមហ៊ុនរថយន្តអគ្គិសនីយក្សរបស់ចិន សម្លឹងមើលការពង្រីកចូលប្រទេសឥណ្ឌា ខណៈដែលទំនាក់ទំនងរវាងចិន និងឥណ្ឌា មានភាពកក់ក្តៅជាងមុន

បរទេស៖ សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃពុធថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន (EV) BYD កំពុងស្វែងរកពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា។ណ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា នាយកគ្រប់គ្រងរបស់ BYD នៅប្រទេសឥណ្ឌា លោក Ketsu Zhang ទំនងជានឹងធ្វើដំណើរទៅកាន់ប្រជាជាតិអាស៊ីខាងត្បូងក្នុងរយៈពេលពីរបីខែខាងមុខនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តដែលមានមូលដ្ឋាននៅទីក្រុង Shenzhen ប្រទេសចិន បានចាប់ផ្តើមទទួលបានទិដ្ឋាការសម្រាប់អ្នកគ្រប់គ្រង និងវិស្វករកំពូលរបស់ខ្លួន ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនបន្តកម្មវិធីបណ្តុះបណ្តាលរបស់ខ្លួន និងថែទាំឧបករណ៍របស់ខ្លួន, នេះបើយោងតាមរបាយការណ៍។
នៅពេលដែលទំនាក់ទំនងទ្វេភាគីរវាងទីក្រុងញូវដេលី និងទីក្រុងប៉េកាំងបានផ្ទុះឡើងក្នុងឆ្នាំ 2020 ឥណ្ឌាបានដាក់គោលនយោបាយរឹតត្បិតទិដ្ឋាការសម្រាប់ពលរដ្ឋចិន។ ការរឹតបន្តឹងទាំងនេះកំពុងត្រូវបានបន្ធូរបន្ថយជាបណ្តើរៗហើយ នៅពេលដែលប្រទេសជិតខាងអាស៊ីធ្វើការឆ្ពោះទៅរកទំនាក់ទំនងកាន់តែប្រសើរឡើង។
Bloomberg រាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្ត EV របស់ចិន ក៏មានបំណងទទួលបានការអនុញ្ញាតពីឥណ្ឌាសម្រាប់ ផ្លូវច្បាប់ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនធ្វើលើសពីកូតានាំចូលប្រចាំឆ្នាំបច្ចុប្បន្ននៃរថយន្តចំនួន ២.៥០០ គ្រឿង។
ក្នុងដំណើរទស្សនកិច្ចរបស់លោក លោក Zhang គ្រោងនឹងជួបជាមួយមន្ត្រីរដ្ឋាភិបាលសហព័ន្ធឥណ្ឌាក្នុងទីក្រុង New Delhi។ របាយការណ៍បានបន្ថែមថា វិស្វករពីរបីនាក់ត្រូវបានអនុញ្ញាតរួចហើយក្នុងការធ្វើដំណើរ ហើយនាយកប្រតិបត្តិកម្រិតអនុប្រធានត្រូវបានគេរំពឹងថានឹងធ្វើតាមក្នុងពេលឆាប់ៗនេះ៕
ប្រែសម្រួលៈ ណៃ តុលា
