ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្តេជ្ញាថានឹងធ្វើការស៊ើបអង្កេតលើមហាសេដ្ឋី George Soros

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រដ្ឋបាលរបស់លោកនឹងធ្វើការស៊ើបអង្កេតលើមហាសេដ្ឋី George Soros ជុំវិញការចោទប្រកាន់ថា មហាសេដ្ឋីរូបនេះបានផ្តល់មូលនិធិដល់ “កុប្បកម្ម” នៅសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា វិនិយោគិនជាមហាសេដ្ឋីអាមេរិកដើមកំណើតហុងគ្រី និងអង្គការក្រៅរដ្ឋាភិបាលដែលផ្តល់មូលនិធិដោយមូលនិធិសង្គមបើកចំហ (OSF) របស់គាត់ ត្រូវបានភ្ជាប់ជាយូរមកហើយទៅនឹងចលនាតវ៉ាផ្សេងៗ ទាំងនៅក្នុងសហរដ្ឋអាមេរិក និងនៅបរទេស។

លោក ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ Fox & Friends កាលពីថ្ងៃសុក្រថា “ពួកគេជាអ្នកញុះញង់បង្កជម្លោះដែលមានជំនាញវិជ្ជាជីវៈ… ពួកគេទទួលបានប្រាក់ខែសម្រាប់វិជ្ជាជីវៈរបស់ពួកគេពី Soros និងមនុស្សផ្សេងទៀត” ។

លោក​ ត្រាំ បាន​បន្ថែម​ថា​ «​យើង​នឹង​ពិនិត្យ​មើល​លោក Soros ព្រោះ​ខ្ញុំ​គិត​ថា​វា​ជា​ករណី​របស់ RICO (ពាក់ព័ន្ធនឹងការបំពានលើច្បាប់អង្គការដែលមានឥទ្ធិពល និងអំពើពុករលួយ Racketeer ដែលជាច្បាប់សហព័ន្ធដែលកំណត់គោលដៅសហគ្រាសឧក្រិដ្ឋកម្មដែលកំពុងដំណើរការ) ប្រឆាំង​គាត់ និង​មនុស្ស​ផ្សេង​ទៀត​»។

លោក ដូណាល់ ត្រាំ បាននិយាយថា “នេះគឺច្រើនជាងការតវ៉ាទៅទៀត៖ នេះគឺជាការញុះញង់ពិតប្រាកដ។ នេះគឺជាកុប្បកម្មនៅតាមផ្លូវ ហើយយើងនឹងពិនិត្យមើលវា” ។

សូមជម្រាបថា កាលពីខែមុន ប្រធានាធិបតីសហរដ្ឋអាមេរិកបានហៅអ្នកវិនិយោគជនជាតិអាមេរិក ដើមកំណើតហុងគ្រីរូបនេះ និងកូនប្រុសរបស់គាត់ ថា ប្រឈមមុខនឹងការចោទប្រកាន់ក្រោមលក្ខន្តិកៈ ដោយចោទប្រកាន់ពួកគេពីបទគាំទ្រ “ការតវ៉ាដោយហិង្សា និងអ្វីៗជាច្រើនទៀតនៅទូទាំងសហរដ្ឋអាមេរិក” ។

ប្រែសម្រួលៈ ណៃ តុលា

To Top