ព័ត៌មានអន្តរជាតិ

ចិនថ្កោលទោស ការបើកនាវាចម្បាំងអាមេរិក និងអង់គ្លេស ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ជាចំណុចដ៏រសើប

បរទេស៖ យោធាចិនកាលពីថ្ងៃសុក្រ បានថ្កោលទោស ការបើកនាវាចម្បាំងអាមេរិក និងអង់គ្លេសឆ្លងកាត់ ច្រកសមុទ្រតៃវ៉ាន់ដ៏រសើប ដោយនិយាយថា ខ្លួនបានបញ្ជាឱ្យកងទ័ពជើងទឹក និងទ័ពអាកាសត្រួតពិនិត្យ និងព្រមាននាវាទាំងពីរ។

យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា បញ្ជាការ Eastern Theater Command នៃកងទ័ពរំដោះប្រជាជនចិនបាននិយាយថា នាវាពិឃាតអាមេរិក USS Higgins និងនាវាចម្បាំងអង់គ្លេស Richmond បានចូលរួមក្នុង “ការបង្កបញ្ហា និងការបង្កហេតុ”។

យោធាចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សកម្មភាពរបស់សហរដ្ឋអាមេរិក និងអង់គ្លេស បានបញ្ជូនសញ្ញាខុស និងធ្វើឱ្យខូចសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់” ។

ចំណែកក្រសួងការពារជាតិអង់គ្លេស បាននិយាយថា ការធ្វើដំណើររបស់នាវានេះ គឺជាដំណើរឆ្លងកាត់ធម្មតា ដោយថា “កន្លែងណាដែលកងនាវាចរធ្វើប្រតិបត្តិការ ខ្លួនធ្វើដូច្នេះដោយអនុលោមតាមច្បាប់ និងបទដ្ឋានអន្តរជាតិ ហើយអនុវត្តសេរីភាពនៃសិទ្ធិនាវាចរណ៍ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ”។
ប្រែប្រួលៈ ណៃ តុលា

To Top