ព័ត៌មានអន្តរជាតិ

អង្គការ​ OPEC រក្សាការព្យាករណ៍កំណើន តម្រូវការប្រេងពិភពលោក មិនផ្លាស់ប្តូរ​ សម្រាប់ឆ្នាំ២០២៥-២០២៦

វីយែន៖​ អង្គការនៃប្រទេស នាំចេញប្រេង (OPEC) បានឧ្យដឹងថា ខ្លួននឹងរក្សាការព្យាករណ៍របស់ខ្លួន​ សម្រាប់កំណើនតម្រូវការ ប្រេងពិភពលោកនៅឆ្នាំ២០២៥​ និង២០២៦។

នៅក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែចុងក្រោយរបស់ខ្លួន OPEC បានព្យាករថាតម្រូវការនឹងកើនឡើងប្រហែល ១.៣លានបារ៉ែលក្នុងមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំក្នុងឆ្នាំ២០២៥ និង ១.៤លានបារ៉ែលក្នុងឆ្នាំ២០២៦​ ទាំងមិនផ្លាស់ប្តូរពីការរំពឹងទុកកាលពីខែមុន។

របាយការណ៍បានឧ្យដឹងថា តម្រូវការប្រេងនៅក្នុងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ត្រូវបានគេរំពឹងថានឹងកើនឡើងប្រហែល ១០ម៉ឺនបារ៉ែល ក្នុងមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលតម្រូវការ នៅក្នុងអង្គការមិនមែន OECD ត្រូវបានគេព្យាករណ៍ថា​ នឹងកើនឡើងប្រហែល ១.២លានបារ៉ែលក្នុងមួយថ្ងៃ​ ដែលត្រូវបានជំរុញភាគ ច្រើនដោយអាស៊ីផ្សេងទៀត ចិន និងឥណ្ឌា ជាមួយនឹងតំបន់ផ្សេងទៀត ក៏បង្ហាញពីកំណើនស្ថិរភាពផងដែរ។

ដោយលើកឡើងពីសន្ទុះខ្លាំង នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥​ អង្គការ OPEC បានទុកការព្យាករណ៍កំណើន សេដ្ឋកិច្ចពិភពលោករបស់ខ្លួនមិនផ្លាស់ប្តូរនៅ ៣ភាគរយសម្រាប់ឆ្នាំ២០២៥ និង ៣.១ ភាគរយសម្រាប់ឆ្នាំ២០២៦៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top