មន្ទីរប៉ង់តាហ្គោន ៖ សហរដ្ឋអាមេរិក មិនព្យាយាមស្វែង រកការប្រឈមមុខ ជាមួយនឹងចិនឡើយ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មន្ទីរបញ្ចកោណបានប្រកាស កាលពីថ្ងៃពុធថា រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth បានធ្វើការសន្ទនា តាមទូរស័ព្ទជាលើកដំបូង ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសចិន គឺឧត្តមនាវីឯក Dong Jun ដោយប្រាប់គាត់ថា ទីក្រុងវ៉ាស៊ីនតោនមិនស្វែងរកជម្លោះជាមួយនឹងចិនទេ ។
ការសន្ទនានេះកើតឡើង ចំពេលដែលទំនាក់ទំនងកាន់តែតានតឹង ខណៈដែលក្រុង វ៉ាស៊ីនតោន បានពណ៌នាទីក្រុងប៉េកាំងថា ជាគូប្រជែងភូមិសាស្ត្រនយោបាយ ដ៏សំខាន់របស់ខ្លួន ។
កាលពីខែឧសភា លោក Hegseth ធ្លាប់បានអះអាងថា ការគំរាមកំហែងដែលចិនបង្កឡើងគឺជាការពិត ហើយវាអាចនឹងកើតមានឡើង ហើយបានជំរុញឱ្យបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផ្សេងទៀតចាំបាច់ត្រូវតែបង្កើនការចំណាយផ្នែកយោធា។
នៅក្នុងការអំពាវនាវកាលពីថ្ងៃអង្គារ លោក Hegseth បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមិនបន្តការប្រឈមមុខដាក់គ្នា ការផ្លាស់ប្តូររបប ឬ ការដាក់សំពាធ ជាមួយនឹងប្រទេសចិននោះទេ។
ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោនមាន ផលប្រយោជន៍សំខាន់ៗនៅអាស៊ីប៉ាស៊ីហ្វិក ដែលជាកិច្ចការងារអាទិភាព ហើយនឹងការពារយ៉ាងម៉ឺងម៉ាត់នូវផលប្រយោជន៍ទាំងនោះ៕
ប្រែសម្រួល៖ស៊ុនលី
