ពិព័រណ៍អន្តរជាតិចិន សម្រាប់ពាណិជ្ជកម្មសេវាកម្មចាក់បញ្ចូលកម្លាំងថាមពលរបស់ចិន ទៅក្នុងកិច្ចសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិត និងបើកចំហនៅក្នុងពាណិជ្ជកម្មសេវាកម្មសកល

ពេលថ្មីៗនេះ ពិព័រណ៍អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្ម (CIFTIS) ឆ្នាំ ២០២៥ រយៈពេលប្រាំថ្ងៃ (CIFTIS) បានបើកនៅឧទ្យាន Shougang ទីក្រុងប៉េកាំង។ ប្រធានរដ្ឋចិនលោក Xi Jinping បានផ្ញើលិខិតអបអរសាទរទៅកាន់ CIFTISលើកនេះថា “ប្រទេសចិនមានឆន្ទៈធ្វើការជាមួយគ្រប់ភាគីទាំងអស់ដើម្បីពួតដៃគ្នាជំរុញកិច្ចសហប្រតិបត្តិការដោយបើកចំហនិងប្រកបដោយភាពច្នៃប្រឌិតក្នុងពាណិជ្ជកម្មសេវាកម្មសកល កសាងសេដ្ឋកិច្ចពិភពលោកបើកចំហ និងបន្តចាក់បញ្ចូលនូវកម្លាំងថាមពលថ្មីក្នុងការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ”។ CIFTIS ផ្តោតលើការជំរុញការអភិវឌ្ឍនៃឧស្សាហកម្មសេវាកម្ម និងពាណិជ្ជកម្មសេវាកម្មសកល ដោយបង្ហាញពីគម្រោងនិងផែនការរបស់ចិន។
CIFTIS ឆ្នាំនេះ ស្របតាមនិន្នាការឌីជីថលភាវូបនីយកម្ម ភាពវៃឆ្លាត និងភាពបៃតងក្នុងពាណិជ្ជកម្មសេវាកម្ម ផ្តោតលើវិស័យឯកទេសដូចជា បញ្ញាសិប្បនិម្មិត សុខាភិបាល ភស្តុភារឆ្លាតវៃ និងការអភិវឌ្ឍរួមបញ្ចូលគ្នានូវអាជីវកម្ម ទេសចរណ៍ វប្បធម៌និងកីឡាជាដើមដែលបង្ហាញពីសមិទ្ធផលនៃការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតនៃប្រទេសនិងតំបន់ជាច្រើន។ក្រុមហ៊ុនចំនួនជិត ២ពាន់ បានចូលរួមនៅក្នុង CIFTIS ដោយមានប្រទេសនិងអង្គការអន្តរជាតិចំនួន៨៥បានរៀបចំការតាំងពិព័រណ៍។ ក្រុមហ៊ុនសរុបចំនួន ១១៣ បានប្រកាសផលិតផល និងសមិទ្ធផលថ្មីចំនួន១៩៨ ដែលបានបង្ហាញពីបច្ចេកវិទ្យានិងកម្មវិធីទំនើបជាច្រើនក្នុងវិស័យពាណិជ្ជកម្មសេវាកម្ម ។ អ្នកតាំងពិព័រណ៍សកលបានប្រមូលផ្តុំគ្នានៅ CIFTIS ដើម្បីចែករំលែកនូវឱកាសថ្មីនៃការអភិវឌ្ឍរបស់ប្រទេសចិន។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឥទ្ធិពលរបស់ពិព័រណ៍អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្មបានបន្តពង្រីកឥតឈប់ឈរ ដែលបានក្លាយជាផលិតផលសាធារណៈអន្តរជាតិដ៏សំខាន់ ក្នុងកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មសេវាកម្មនិងពាណិជ្ជកម្មសេវាកម្ម ហើយក៏ជាពិព័រណ៍ដ៏ចម្រុះដែលមានទ្រង់ទ្រាយធំបំផុតរបស់ប្រទេសចិនក្នុងវិស័យពាណិជ្ជកម្មសេវាកម្មនាពេលបច្ចុប្បន្ន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកការបើកចំហ ពង្រឹងកិច្ចសហប្រតិបត្តិការ និងដឹកនាំភាពច្នៃប្រឌិតឈានមុខគេ៕




