ព័ត៌មានអន្តរជាតិ

លោក​ ដូណាល់​ ត្រាំ​ បញ្ជាក់ថា​ លោកនឹងបញ្ជូនឆ្មាំជាតិទៅកាន់ទីក្រុង​ Memphis រដ្ឋ Tennessee

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកនឹងដាក់ពង្រាយឆ្មាំជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនៅទីក្រុង Memphis ដែលជាទីក្រុងដឹកនាំដោយប្រជាធិបតេយ្យក្នុងរដ្ឋ Tennessee ដោយអះអាងថា លោកត្រូវបានគាំទ្រដោយអភិបាលក្រុង និងអភិបាលរដ្ឋ។

ថ្លែង​តាម​ទូរទស្សន៍ Fox News លោក ត្រាំ បាន​អះអាង​ថា ទីក្រុង​មាន​បញ្ហា​យ៉ាង​ខ្លាំង ហើយ​ទាំង​អភិបាលក្រុង មាន​ភាព​រីករាយ​ចំពោះ​ការ​ដាក់​ពង្រាយ​នាពេល​ខាង​មុខ។​ លោក ត្រាំ​ បានលេីកឡេីងថា “យើងនឹងដោះស្រាយដូចដែលយើងបានធ្វើនៅវ៉ាស៊ីនតោន” ។

ទីក្រុង Memphis ដែលជាមូលដ្ឋានរឹងមាំរបស់ប្រជាធិបតេយ្យ មានប្រជាជនភាគច្រើនជាជនជាតិស្បែកខ្មៅ។ អភិបាលក្រុងលោក Paul Young បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រថា “ខ្ញុំមិនបានស្នើសុំឆ្មាំជាតិទេ ហើយខ្ញុំគិតថាវាមិនមែនជាវិធី​ ដើម្បីបង្រ្កាបឧក្រិដ្ឋកម្មនោះទេ”។

ទោះយ៉ាងណាក៏ដោយ លោក Young បានលេីកឡេីងថា ក្នុងនាមជាអភិបាលក្រុង លោកនឹង “ធ្វើការជាមួយសហគមន៍នេះ ជាមួយអភិបាលខេត្ត ជាមួយរដ្ឋាភិបាលសហព័ន្ធ”៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top