ព័ត៌មានអន្តរជាតិ

ភ្លើងឆេះទូកដឹកអ្នកដំណើរ ៣គ្រឿង នៅលើទន្លេចៅប្រាយ៉ា ក្នុងទីក្រុងបាងកក បណ្តាលឱ្យទូកមួយគ្រឿងឆេះសល់តែឆ្អឹង

បរទេស៖ ទូកដឹកអ្នកដំណើរចំនួន៣គ្រឿង បានខូចខាតក្នុងអគ្គិភ័យនៅផែ Wat Ratchasingkhon ក្នុងសង្កាត់ Yan Nawa នៃទីក្រុងបាងកក ប្រទេសថៃ កាលពីល្ងាចថ្ងៃអាទិត្យ។ ទូកពីរបានរងការខូចខាតយ៉ាងខ្លាំង ខណៈមួយគ្រឿងទៀត ត្រូវភ្លើងឆេះខ្ទេច។

យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកថែទាំទូកឈ្មោះ Thawisak Thiangthanasakdi អាយុ ៤៧ ឆ្នាំបានឃើញអណ្តាតភ្លើងនៅក្នុងតំបន់បន្ទប់ទឹកនៅខាងក្រោយទូកមួយ។ លោកបានយកបំពង់ពន្លត់អគ្គិភ័យចំនួន២គ្រឿងមកបាញ់ទឹកពន្លត់ទូកក្បែរនោះ ដើម្បីកុំឲ្យភ្លើងឆេះរាលដាល ។ ទូកមួយត្រូវភ្លើងឆាបឆេះខ្ទេច ចំណែក អ្នកពន្លត់អគ្គីភ័យបានមកដល់ប្រហែល ២០ នាទីក្រោយមក។

ទូកដែលឆេះមួយបានរសាត់ទៅក្នុងទន្លេចៅប្រាយ៉ា បន្ទាប់ពីភ្លើងបានឆាបឆេះតាមខ្សែពួរ ហើយទូកនោះត្រូវបានបំផ្លាញទាំងស្រុង។ ទូកដែលចូលចតនៅកំពង់ផែបានរងការខូចខាតតិចតួចប៉ុណ្ណោះ។

លោក Thawisak បាននិយាយថា ជាធម្មតាទូកបើកភ្លើងពេញមួយយប់ ដើម្បីសុវត្ថិភាព ប៉ុន្តែបានបញ្ជាក់ថា មិនមានថ្មសាកទេ។ អគ្គិភ័យនេះត្រូវបានគេសន្និដ្ឋានថាបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

ប្រែសម្រួលៈ ណៃ តុលា

To Top