ចិន និងអាមេរិក ចាប់ផ្តើមកិច្ចចរចា សេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងទីក្រុងម៉ាឌ្រីត

ម៉ាឌ្រីត៖ គណៈប្រតិភូចិន និងអាមេរិក បានកោះប្រជុំ នៅទីក្រុងម៉ាឌ្រីត កាលពីថ្ងៃអាទិត្យ សម្រាប់ការពិភាក្សា អំពីបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារ័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ភាគីទាំងពីរនឹងពិភាក្សាគ្នាអំពីបញ្ហា មួយចំនួនដូចជា វិធានការពន្ធឯកតោភាគីរបស់សហរដ្ឋអាមេរិក ការរំលោភលើការគ្រប់គ្រង ការនាំចេញ និងកម្មវិធី TikTok។
គណៈប្រតិភូចិនដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រីចិនលោក He Lifeng ដែលក៏ជាសមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិនផងដែរ។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា ជំហរ របស់ចិនលើបញ្ហា TikTok គឺច្បាស់លាស់ និងជាប់លាប់។ ប្រទេសចិន ប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់សហគ្រាសរបស់ខ្លួន ហើយនឹងដោះស្រាយបញ្ហា TikTok ស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ៕
