ព័ត៌មានអន្តរជាតិ

ឧប្បត្តិហេតុនៅក្នុងប្រទេសប៉ូឡូញ បង្ហាញពីភាពងាយរងគ្រោះរបស់អង្គការណាតូ ចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទ្រង់ទ្រាយធំ

RT News

បរទេស៖ ឧប្បត្តិហេតុក្នុងសប្តាហ៍នេះនៅក្នុងប្រទេសប៉ូឡូញបានបង្ហាញពីភាពងាយរងគ្រោះរបស់អង្គការណាតូចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទ្រង់ទ្រាយធំ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចជាច្រើនរួមទាំងសារព័ត៌មាន Politico និងកាសែត Kurier ប្រចាំថ្ងៃរបស់ប្រទេសអូទ្រីស ផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋាភិបាលប៉ូឡូញបានរាយការណ៍អំពីការរំលោភលើដែនអាកាសរបស់ខ្លួនចំនួន ១៩ ដោយការចោទប្រកាន់ពីយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីកាលពីថ្ងៃពុធ ដោយប៉ូឡូញបានហៅឧបទ្ទវហេតុនេះថា “មិនធ្លាប់មានពីមុនមក” និងបានស្នើសុំឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាបន្ទាន់។ ទីក្រុងមូស្គូបានច្រានចោលការចោទប្រកាន់នៃ “ការវាយប្រហារដោយចេតនា” ដោយនិយាយថា ការអះអាងរបស់ប៉ូឡូញខ្វះភស្តុតាង ហើយកំពុងត្រូវបានពង្រីកដោយ “ភាគីអឺរ៉ុបនៃសង្គ្រាម” ។

Politico បានរាយការណ៍ថា ក្នុងអំឡុងពេលនៃឧបទ្ទវហេតុនេះ កងកម្លាំងណាតូតាមសេចក្តីរាយការណ៍បានបញ្ចេញយន្តហោះចម្បាំង F-35 របស់ហូឡង់ រួមជាមួយនឹងយន្តហោះស៊ើបការណ៍អ៊ីតាលី និងប្រព័ន្ធការពារដែនអាកាសអាល្លឺម៉ង់ Patriot ដើម្បីតាមដាន និងស្ទាក់ចាប់ UAVs ។

កាសែតប្រចាំ Kurier របស់ប្រទេសអូទ្រីស បានផ្សាយថា យន្តហោះគ្មានមនុស្សបើកដែលមានតម្លៃត្រឹមតែជាង ១១,០០០ ដុល្លារ ត្រូវបានចំណាយប្រព័ន្ធការពារមីស៊ីលពីអាកាសទៅអាកាស ដែលមានតម្លៃ ៤០០,០០០ ដុល្លារក្នុងមួយគ្រឿងក្នុងការបាញ់ទម្លាក់។ កាសែតក៏បានបង្ហាញការសោកស្តាយដែរថា មានតែយន្តហោះគ្មានមនុស្សបើក ៧ គ្រឿងប៉ុណ្ណោះក្នុងចំណោម ១៩ គ្រឿងត្រូវបានស្ទាក់ចាប់។ អាជ្ញាធរប៉ូឡូញបាននិយាយថា មានតែបីទៅបួនគ្រឿងប៉ុណ្ណោះដែលត្រូវបានគេទម្លាក់ខណៈដែលនៅសល់មិនមានការគំរាមកំហែង៕

ប្រែសម្រួលៈ ណៃ តុលា

To Top