ចិនព្រមានសហរដ្ឋអាមេរិក ជុំវិញការគម្រាមកំហែងពាណិជ្ជកម្មប្រេង ជាមួយនឹងប្រទេសរុស្សី

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTប្រទេសចិន បានថ្កោលទោស កិច្ចខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិក ក្នុងការដាក់សម្ពាធលើប្រទេស G7 និង NATO ឱ្យដាក់ពន្ធលើទី ក្រុងប៉េកាំង ជុំវិញការទិញប្រេងពីរុស្ស៊ី ដោយព្រមានថាវានឹងសងសឹក ប្រសិនបើផលប្រយោជន៍របស់ខ្លួនត្រូវបានប៉ះពាល់។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានអំពាវនាវម្តងហើយម្តងទៀត ឱ្យដាក់សម្ពាធលើដៃគូពាណិជ្ជកម្ម របស់រុស្ស៊ីឱ្យបញ្ឈប់ការទិញប្រេង របស់ខ្លួនដោយនិយាយថា វាអាចជួយបញ្ចប់ជម្លោះអ៊ុយក្រែន។
កាសែត Financial Times បានរាយការណ៍កាលពីសប្តាហ៍មុនថាទីក្រុងវ៉ាស៊ីនតោនបានស្នើឱ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 ពិចារណាលើពន្ធបន្ទាប់បន្សំពី៥០ទៅ១០០ភាគរយទៅលើការនាំចូលរបស់ចិន និងឥណ្ឌាដែលទាក់ទងនឹងប្រេងរុស្ស៊ី។
លោក Trump ក៏បានជំរុញឱ្យ EU ដំឡើងពន្ធរហូតដល់ ១០០ភាគរយទៅ លើទំនិញពីទីក្រុងប៉េកាំង និងទីក្រុង New Delhi ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដាក់សម្ពាធលើ ទីក្រុងមូស្គូផងដែរ។
នៅពេលដែលត្រូវបានសាកសួរកាលពីថ្ងៃចន្ទ អំពីសកម្មភាព របស់សហរដ្ឋអាមេរិក អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់អ្នក យកព័ត៌មានថា វាជា រឿងស្របច្បាប់ សម្រាប់ទីក្រុងប៉េកាំង ដើម្បីរក្សាកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងថាមពលធម្មតាជាមួយប្រទេសទាំងអស់ រួមទាំងរុស្ស៊ីផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
