ប្រទេសស៊ុយអែត ប្រកាសបង្កើនកញ្ចប់ថវិកាការពារជាតិ សម្រាប់ឆ្នាំ២០២៦

ហែលស៊ីនគី៖ រដ្ឋាភិបាលបាននិយាយ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ប្រទេសស៊ុយអែត នឹងបង្កើនថវិកាការពារជាតិរបស់ខ្លួនចំនួន ២៦.៦ ពាន់លានក្រូន័រ (២.៨៧ ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២៦ ដែលជាការកើនឡើង ១៨ ភាគរយពីឆ្នាំ ២០២៥។ ផែនការនេះតំណាងឱ្យការស្ថាបនាដ៏ទូលំទូលាយបំផុត របស់ប្រទេសស៊ុយអែត ចាប់តាំងពីសង្គ្រាមត្រជាក់មក។
យោងតាមរដ្ឋាភិបាល ការចំណាយលើវិស័យការពារជាតិនឹងឈានដល់ ២.៨ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២៦ កើនឡើងដល់ ៣.១ ភាគរយនៅឆ្នាំ ២០២៨ ជាមួយនឹងគោលដៅ ៣.៥ ភាគរយនៅឆ្នាំ ២០៣០ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ក្នុងចំណោមថវិកាថ្មីនេះ ថវិកា១០ពាន់លានក្រូន័ នឹងត្រូវបែងចែកទៅឱ្យវិស័យការពារយោធា។ តម្រូវការសម្រាប់សម្ភារៈ និងបរិក្ខារក៏នឹងកើនឡើងផងដែរ ដោយលទ្ធកម្មសំខាន់ៗដែលបានគ្រោងទុកនៅឆ្នាំ ២០២៦ រួមមានប្រព័ន្ធការពារដែនអាកាសថ្មី កាំភ្លើងធំគ្រាប់រ៉ុក្កែត នាវាប្រយុទ្ធ យន្តហោះដឹកជញ្ជូនយុទ្ធសាស្ត្រ និងសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ។
រដ្ឋាភិបាលក៏បានស្នើសុំដំឡើងប្រាក់ឧបត្ថម្ភសម្រាប់ពលទាហាន និងកម្មាភិបាលចាប់ពីឆ្នាំ ២០២៦ ពង្រឹងភ្នាក់ងារការពារ និងវាយតម្លៃ និងពង្រីកសេវាស៊ីវិល។ ដើម្បីជំរុញការបង្កើតថ្មី ការិយាល័យសហប្រតិបត្តិការឧស្សាហកម្មការពារជាតិថ្មី និងអង្គភាពច្នៃប្រឌិតការពារជាតិនឹងត្រូវបានបង្កើតឡើង ខណៈដែល ៥០ លានក្រូន័រក្នុងមួយឆ្នាំនឹងត្រូវបែងចែក ទៅឱ្យកម្មវិធីអភិវឌ្ឍន៍សម្ភារៈដែលប្រសើរឡើង ៕
ប្រែសម្រួល ឈូក បូរ៉ា
