ព័ត៌មានអន្តរជាតិ

ប្រទេសស៊ុយអែត ប្រកាសបង្កើន កញ្ចប់ថវិកាការពារជាតិ សម្រាប់ឆ្នាំ២០២៦

RT News

ហែលស៊ីនគី៖ រដ្ឋាភិបាលបាននិយាយ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ប្រទេសស៊ុយអែត នឹងបង្កើនថវិកាការពារជាតិ របស់ខ្លួនចំនួន ២៦.៦ ពាន់លានក្រូន័រ (២.៨៧ ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២៦ ដែលជាការកើនឡើង ១៨ ភាគរយពីឆ្នាំ ២០២៥ ។ ផែនការនេះតំណាងឱ្យការស្ថាបនាដ៏ទូលំទូលាយបំផុត របស់ប្រទេសស៊ុយអែត ចាប់តាំងពីសង្គ្រាមត្រជាក់មក។

យោងតាមរដ្ឋាភិបាល ការចំណាយលើវិស័យការពារជាតិនឹងឈានដល់ ២.៨ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២៦ កើនឡើងដល់ ៣.១ ភាគរយនៅឆ្នាំ ២០២៨ ជាមួយនឹងគោលដៅ ៣.៥ ភាគរយនៅឆ្នាំ ២០៣០ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ក្នុងចំណោមថវិកាថ្មីនេះ ថវិកា១០ពាន់លានក្រូន័រនឹងត្រូវបែងចែកទៅឱ្យវិស័យការពារយោធា។ តម្រូវការសម្រាប់សម្ភារៈ និងបរិក្ខារក៏នឹងកើនឡើងផងដែរ ដោយលទ្ធកម្មសំខាន់ៗ ដែលបានគ្រោងទុកនៅឆ្នាំ ២០២៦ រួមមានប្រព័ន្ធការពារដែនអាកាសថ្មី កាំភ្លើងធំគ្រាប់រ៉ុក្កែត នាវាប្រយុទ្ធ យន្តហោះដឹកជញ្ជូន យុទ្ធសាស្ត្រ និងសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ។

រដ្ឋាភិបាលក៏បានស្នើសុំដំឡើងប្រាក់ឧបត្ថម្ភសម្រាប់ពលទាហាន និងកម្មាភិបាលចាប់ពីឆ្នាំ ២០២៦ ពង្រឹងភ្នាក់ងារការពារ និងវាយតម្លៃ និងពង្រីកសេវាស៊ីវិល។ ដើម្បីជំរុញការបង្កើតថ្មី ការិយាល័យសហប្រតិបត្តិការ ឧស្សាហកម្មការពារជាតិថ្មី និងអង្គភាពច្នៃប្រឌិតការពារជាតិ នឹងត្រូវបានបង្កើតឡើង ខណៈដែល ៥០ លានក្រូន័រ ក្នុងមួយឆ្នាំនឹងត្រូវបែងចែក ទៅឱ្យកម្មវិធីអភិវឌ្ឍន៍សម្ភារៈដែលប្រសើរឡើង៕
ប្រែសម្រួល ឈូក បូរ៉ា

To Top