ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំកំពូលអារ៉ាប់-អ៊ីស្លាម ថ្កោលទោសការវាយប្រហារ របស់អ៊ីស្រាអែល លើកាតា និងប្តេជ្ញាសាមគ្គីភាពពេញលេញ

ដូហា៖ កិច្ចប្រជុំកំពូល អារ៉ាប់-អ៊ីស្លាមជាបន្ទាន់មួយ ដែលបានធ្វើឡើង នៅទីក្រុងដូហា កាលពីថ្ងៃចន្ទ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារ នាពេលថ្មីៗនេះរបស់អ៊ីស្រាអែល លើប្រទេសកាតា ហើយបានប្រកាសនូវសាមគ្គីភាព ពេញលេញ ជាមួយរដ្ឋឈូងសមុទ្រ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ខ្លួន កិច្ចប្រជុំកំពូលដែលដឹកនាំ ដោយប្រទេសកាតាលោក Emir Sheikh Tamim bin Hamad Al Thani បានពិពណ៌នាការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់លំនៅដ្ឋាន ក្នុងទីក្រុងដូហា ថាជា “សកម្មភាពឈ្លានពាន” ដែលបំពានច្បាប់អន្តរជាតិ និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពក្នុងតំបន់ និងពិភពលោក។

មេដឹកនាំអារ៉ាប់ និងឥស្លាមបានអះអាងជាថ្មីនូវការគាំទ្រដាច់ខាតរបស់ពួកគេចំពោះអធិបតេយ្យភាព សន្តិសុខ និងស្ថិរភាពរបស់ប្រទេសកាតា ហើយបានគាំទ្ររាល់វិធានការ ដែលខ្លួនអាចអនុវត្តក្នុងការឆ្លើយតប ទៅនឹងការវាយប្រហារនេះ ។ បណ្ដាមេដឹកនាំបានសង្កត់ធ្ងន់ថា ការកំណត់គោលដៅអ្នក សម្រុះសម្រួលអព្យាក្រឹត បានធ្វើឱ្យខូចដល់កិច្ចចរចាបទ ឈប់បាញ់ ដែលកំពុងបន្តនៅលើតំបន់ហ្គាហ្សា និងកិច្ចខិតខំប្រឹងប្រែងសន្តិភាព កាន់តែទូលំទូលាយ។

សេចក្តីថ្លែងការណ៍ក៏បានថ្កោលទោសចំពោះ “ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ការបោសសម្អាតជនជាតិភាគតិច ភាពអត់ឃ្លាន និងការឡោមព័ទ្ធរបស់អ៊ីស្រាអែល ក៏ដូចជាសកម្មភាពតាំងទីលំនៅ និងគោលនយោបាយពង្រីក” ដោយព្រមានថា ពួកគេធ្វើឱ្យប៉ះពាល់ដល់ការរំពឹងទុកសម្រាប់សន្តិភាព។

មេដឹកនាំបានអំពាវនាវឱ្យមានសកម្មភាពអន្តរជាតិជាបន្ទាន់ ដើម្បីធានាឱ្យអ៊ីស្រាអែលទទួលខុសត្រូវ រួមទាំងការដាក់ទណ្ឌកម្ម ការបញ្ឈប់ការផ្គត់ផ្គង់អាវុធ និងពិនិត្យឡើងវិញនូវទំនាក់ទំនងការទូត និងសេដ្ឋកិច្ចជាមួយអ៊ីស្រាអែល ។ កិច្ចប្រជុំកំពូលនេះបានជំរុញឱ្យអង្គការ សហប្រតិបត្តិការ ឥស្លាមសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ដើម្បីព្យួរសមាជិកភាពអង្គការសហប្រជាជាតិរបស់អ៊ីស្រាអែល ដោយលើកឡើងពី “ការរំលោភ” ជាបន្តបន្ទាប់នៃច្បាប់អន្តរជាតិ និងដំណោះស្រាយរបស់អង្គការសហប្រជាជាតិ។

សេចក្តីថ្លែងការណ៍បានរំលឹកឡើងវិញ នូវការគាំទ្រសម្រាប់ភាព ជារដ្ឋរបស់ប៉ាឡេស្ទីនដោយផ្អែកលើព្រំដែនឆ្នាំ ១៩៦៧ ជាមួយក្រុងយេរ៉ូសាឡឹម ខាងកើតជារដ្ឋធានីរបស់ខ្លួន ស្វាគមន៍សន្និសីទ អន្តរជាតិនាពេលខាងមុខ ស្តីពីការអនុវត្តដំណោះ ស្រាយរដ្ឋពីរ នៅទីក្រុងញូវយ៉ក និងបានសរសើរតួនាទីរបស់ប្រទេសកាតា ក្នុងការសម្រុះសម្រួល ជំនួយមនុស្សធម៌ និងការជំរុញឯកភាពអារ៉ាប់ និងអ៊ីស្លាម៕

To Top