គំនិតផ្តួតផ្តើម អភិបាលកិច្ចសកល ជាទស្សនវិស័យ នៃការរីកចម្រើន របស់សាកលលោក

គំនិតផ្តួចផ្តើមអភិបាលកិច្ចសាកល ជាគំនិតផ្តួចផ្តើមមួយ របស់ប្រទេសចិន ដែលបានលើកឡើង ដោយលោកប្រធានាធិបតី ស៊ី ជិនភីង ក្នុងអង្គការ សហប្រតិបត្តិការសៀងហៃ ដោយបានបំផុស គំនិតផ្តួចផ្តើមពាក់ព័ន្ធសន្តិសុខ សង្គមវប្បធម៌ និងសេដ្ឋកិច្ច ដើម្បីអភិវឌ្ឍអភិបាលកិច្ច កាន់តែទូលំទូលាយគ្រប់ជ្រុងជ្រោយ រួមទាំងនីតិរដ្ឋ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព អនុវត្តពហុភាគីនិយម គោរពច្បាប់អន្តរជាតិ សម្របសម្រួលជាមួយប្រទេសនានាដែលជាដៃគូ ធ្វើការជារួមគ្នា ក្នុងទិសដៅដើម្បីអនុញ្ញាត ឱ្យមានប្រព័ន្ធអភិបាល កិច្ចប្រកបដោយភាពយុត្តិធម៌ និងសមធម៌មួយកម្រិតទៀត ព្រមទាំងឆ្លើយតបឱ្យទាន់ពេល នៃនិម្មាបនកម្មជាសកល ។ គំនិតផ្តួចផ្តើម អភិបាលកិច្ចសាកល ជាប្រទីពបំភ្លឺផ្លូវពិភពលោក ទៅកាន់ភាពរីកចម្រើន និង សុខដុមរមនា ដោយផ្អែកចំណុចបី ទី១ ប្រកាន់ខ្ជាប់ពហុភាគីនិយម គាំពារយុត្តធម៌និង សច្ចភាពអន្តរជាតិ ទី២ ប្រកាន់ខ្ជាប់ការបើកចំហនិងឈ្នះ-ឈ្នះ គាំពារសណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ និងទី៣ ប្រកាន់ខ្ជាប់សាមគី្គភាព និងកិច្ចសហប្រតិបត្តិការ ប្រមូលផ្តុំកម្លាំងអភិវឌ្ឍន៍រួម ខណៈពេលដែលនិន្នាការ សាកលលោកងាកទៅរកប្រវត្តិសាស្ត្រ សង្គ្រាមត្រជាក់ អនុត្តរភាពនិយម ការការពារនិយម ឯកតោភាគីនិយម។
ក្នុងសម័យកាលដែលពិភពលោក កំពុងប្រឈមមុខ នឹងវិបត្តិនានា មិនថាជាវិបត្តិសន្តិសុខ ភាវូបនីយកម្ម សេដ្ឋកិច្ច ឬបរិស្ថាន ការសហការជាច្រើនភាគីក្លាយជាការចាំបាច់ខ្លាំងជាងមុន ។ ពហុភាគីនិយម មិនត្រឹមតែជាវិធីសាស្ត្រ បង្កើនស្ថិរភាពអន្តរជាតិទេ ប៉ុន្តែថែមទាំងជាគន្លងសម្រាប់ប្រទេសទាំងអស់ (ទាំងតូចទាំងធំ) អាចចូលរួមយ៉ាងស្មើភាព។ ការគាំទ្រយុត្តធម៌អន្តរជាតិ មានន័យថា យើងត្រូវពង្រឹងសិទ្ធិស្មើគ្នា និងការអភិវឌ្ឍដែលមានអត្ថប្រយោជន៍រួម។ ប្រទេសណាមួយ មិនគួរប្រើកម្លាំង ឬសម្ពាធ ដើម្បីបង្កើតអត្ថប្រយោជន៍ផ្ទាល់ខ្លួនដោយរំលោភសិទ្ធិរបស់ប្រទេសផ្សេងទៀត ហើយត្រូវស្វែងរក ដំណោះស្រាយតាមវិធីសន្តិភាព ដោយផ្អែកលើច្បាប់អន្តរជាតិ និងគោលការណ៍មូលដ្ឋាន នៃអង្គការសហប្រជាជាតិ។
ខណៈពេលដូចគ្នា សច្ចភាពអន្តរជាតិគឺជាគោលគន្លឹះសំខាន់។ ការក្លែងបន្លំប្រវត្តិសាស្ត្រ ការបង្កើតព័ត៌មានមិនពិត ឬការប្រែប្រួលកិច្ចព្រមព្រៀង អន្តរជាតិ មិនត្រឹមតែប៉ះពាល់ដល់សេចក្ដីទុកចិត្តទេ ប៉ុន្តែថែមទាំងបង្កជាកត្តាដឹក នាំទៅកាន់ការបែកបាក់។ ដូច្នេះ ការគោរពសច្ចភាព និង សេចក្ដីពិត គឺជាមូលដ្ឋានសម្រាប់ការរស់នៅ ជាមួយគ្នាយ៉ាងសន្តិភាព។
ជាមួយនឹងការប្រឈមមុខនឹងបញ្ហាចម្រុះជាច្រើន ដូចជា ការបំបែកជាតិសាសន៍ ការប្រកួតប្រជែងសេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុ គោល នយោបាយ “ឈ្នះ-ឈ្នះ” និងការបើកចំហបានក្លាយជាគន្លង សំខាន់សម្រាប់ការរួមគ្នាបង្កើត សេដ្ឋកិច្ចពិភពលោកដែលមានស្ថិរភាព និងភាពសមភាព។ គោលនយោបាយនេះផ្អែកលើគំនិតថា ភាគីទាំងអស់អាចទទួលបាន អត្ថប្រយោជន៍ដោយសហការគ្នា ជំនួសឱ្យការប្រកួតប្រជែងឬការបែងចែកអំណាច ។ ការបើកចំហនៃទីផ្សារនិងការជំរុញពាណិជ្ជកម្មពហុភាគី គឺជាចំណុចសំខាន់ក្នុងការគាំពារសណ្តាប់ធ្នាប់ សេដ្ឋកិច្ចអន្តរជាតិ ហើយជួយបង្កើតឱកាស សម្រាប់ប្រទេសកំពុង អភិវឌ្ឍក្នុងការចូលរួមយ៉ាងសកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ចពិភពលោក និងជំរុញការរីកចម្រើនសម្រាប់ប្រជាជនទាំងមូល។ ដោយសារតែសេដ្ឋកិច្ចពិភពលោកមានភាពស្មុគស្មាញ និងអាស្រ័យគ្នា ការរួមគ្នាបង្កើតប្រព័ន្ធដែលផ្អែកលើយុត្តិធម៌ សមភាព និងការគោរពអធិបតេយ្យជាតិ គឺជាចំណុចសំខាន់ក្នុងការរក្សាសន្តិភាព និងការរីកចម្រើនយ៉ាងបន្តបន្ទាប់។ គោលនយោបាយ “ឈ្នះ-ឈ្នះ” មិនមែនជាគំនិតអ៊ីដេអាល់ទេ ប៉ុន្តែជាគន្លងដែលអាចអនុវត្តបាន ប្រសិនបើមានឆន្ទៈនយោបាយ និងការសហការយ៉ាង សកម្មពីគ្រប់ភាគី។
ក្នុងសម័យពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាចម្រុះជាច្រើន ដូចជា បម្រែបម្រួលអាកាសធាតុ ការប្រកួតប្រជែងសេដ្ឋកិច្ច និងវិបត្តិជាតិ-អន្តរជាតិ ការរួមគ្នា បង្កើតសាមគ្គីភាព និង កិច្ចសហប្រតិបត្តិការបានក្លាយជា គន្លងសំខាន់សម្រាប់ ការអភិវឌ្ឍន៍រួម ដែលជាគោលនយោបាយដែលផ្អែកលើការគោរពអធិបតេយ្យជាតិ ការចែករំលែកធនធាន និងការរួមចំណែកយ៉ាងស្មើគ្នា ដើម្បីជំរុញសេដ្ឋកិច្ច សង្គម និងបរិស្ថានឱ្យមានភាពស្ថិរភាព និងភាពរីកចម្រើន។ សាមគ្គីភាពមិនមែនជាការរួមគ្នាដោយគ្មានគោលបំណងទេ ប៉ុន្តែជាការរួមគ្នាដើម្បីសម្រេចគោលដៅរួម ដែលបង្ហាញពីឆន្ទៈនយោបាយក្នុងការរួមគ្នាបង្កើតសេដ្ឋកិច្ចពិភពលោក ដែលមានសមភាពនិងភាពរួមគ្នា។ កិច្ចសហប្រតិបត្តិការដែលផ្អែក លើការចែករំលែកបច្ចេកវិទ្យា បទពិសោធន៍ និងធនធាន គឺជាចំណុចគន្លឹះក្នុងការបង្កើត សហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។ ការប្រមូលផ្តុំកម្លាំង អភិវឌ្ឍន៍រួមមិនមែនមានន័យថា ប្រទេសធំៗ ត្រូវជួយប្រទេសតូចៗទេ ប៉ុន្តែជាការរួមចំណែកយ៉ាងស្មើគ្នា ដើម្បីបង្កើតប្រព័ន្ធសេដ្ឋកិច្ច និងសង្គមដែលមានភាពសមភាព និងយុត្តិធម៌។ ការរួមគ្នានេះអាច ជួយបំបាត់ភាពខ្វះខាត បង្កើនឱកាសការងារនិងជំរុញ ការរីកចម្រើនសម្រាប់ប្រជាជនទាំងមូល។
ក្នុងបរិបទសកលនិយមថ្មី ការប្រកាន់ខ្ជាប់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ គឺជាចំណុចសំខាន់ក្នុងការរក្សាសន្តិភាព និងការរីកចម្រើនយ៉ាងបន្តបន្ទាប់ ដែលជួយបង្កើតទំនាក់ទំនងអន្តរជាតិដែលផ្អែកលើការគោរព និងការរួមចំណែក ដោយបង្កើតសេដ្ឋកិច្ចពិភពលោក ដែលមានភាពបើកចំហ សមភាព និងភាពរួមគ្នា។ ដោយសារតែសេដ្ឋកិច្ចពិភពលោក មានភាពអាស្រ័យគ្នា ការរួមគ្នាបង្កើតសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ គឺជាគន្លងដ៏មានប្រសិទ្ធភាព ក្នុងការបង្កើតអភិវឌ្ឍន៍រួម សម្រាប់មនុស្សជាតិទាំងមូល។
ដោយសារតែហេតុនេះ ប្រទេសតូច និងប្រទេសកណ្ដាលពិសេស ត្រូវតែចូលរួមទាមទារការគោរពពហុភាគីនិយម និងយុត្តធម៌អន្តរជាតិ ដើម្បីធានាថា ពិភពលោកអាចរីកចម្រើន លើគោលការណ៍សមធម៌ សន្តិភាព និងសេចក្ដីទុកចិត្ត។ នេះជាមូលដ្ឋានដ៏រឹងមាំ សម្រាប់សន្តិភាពយូរអង្វែង និងអភិវឌ្ឍន៍រួម ។ ការរួមចំណែកដោយស្មោះត្រង់ និងការចែករំលែក បច្ចេកវិទ្យា គឺជាគន្លងដ៏មានប្រសិទ្ធភាពក្នុងការបង្កើតសហគមន៍វាសនា រួមសម្រាប់មនុស្សជាតិ។
ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា
