ប្រទេសចិន និងសហរដ្ឋអាមេរិក ឈានដល់គំនិតឯក ភាព ជាក្របខ័ណ្ឌមូលដ្ឋាន ស្តីពីការដោះស្រាយបញ្ហា TikTok ឱ្យបានសមរម្យ

យប់ថ្ងៃទី15 ខែកញ្ញា លោក Li Chenggang តំណាងការចរចា ពាណិជ្ជកម្មអន្តរជាតិចិន និងជាអនុរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មចិន បានថ្លែងថា ប្រទេសចិន និងសហរដ្ឋអាមេរិកបានឈាន ដល់គំនិតឯកភាព ជាក្របខ័ណ្ឌមូលដ្ឋាន ស្តីពីការដោះស្រាយបញ្ហា TikTok ឱ្យបានសមរម្យតាមរយៈ កិច្ចសហប្រតិបត្តិការ ព្រមទាំងការកាត់បន្ថយ ឧបសគ្គផ្នែកវិនិយោគ និងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មពាក់ព័ន្ធជាដើម។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែកញ្ញា តាមម៉ោងក្នុងតំបន់ គណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន និងអាមេរិក បានជួបពិភាក្សា ការងារនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ ។ នៅក្នុងសន្និសីទ សារព័ត៌មាន ដែលធ្វើឡើង ដោយគណៈប្រតិភូចិនបន្ទាប់ពីកិច្ចជំនួប លោក Li Chenggang បានថ្លែងថា ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ប្រទេសចិន និង សហរដ្ឋអាមេរិក បានអនុវត្តយ៉ាង សកម្មនូវគំនិតឯកភាព ដ៏សំខាន់របស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរ ក្នុងកិច្ចសន្ទនា តាមទូរស័ព្ទ ព្រមទាំងប្រើប្រាស់យ៉ាង ពេញលេញនូវតួនាទី នៃយន្តការពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាង ចិននិង អាមេរិក ដែលបានធ្វើការប្រាស្រ័យទាក់ទងគ្នា ដោយស្មោះត្រង់ ស៊ីជម្រៅ និងមានលក្ខណៈ ស្ថាបនា ក្នុងបញ្ហាសេដ្ឋកិច្ច និង ពាណិជ្ជកម្មដែលភាគី ទាំងពីរយកចិត្តទុកដាក់ដូចគ្នាដូចជាបញ្ហា TikTok ជាដើមដោយផ្អែក លើការគោរពគ្នាទៅវិញទៅមក និងការពិគ្រោះពិភាក្សាដោយស្មើភាព។
ទាក់ទងនឹងបញ្ហា TikTok លោក Li Chenggang បានថ្លែងថា ចិនប្រឆាំងជានិច្ច ចំពោះការធ្វើឱ្យបញ្ហា បច្ចេកវិទ្យានិងពាណិជ្ជកម្មក្លាយជាបញ្ហានយោបាយ ឧបករណ៍ និងសព្វាវុធ ហើយនឹងមិនស្វែង រកការឈាន ដល់កិច្ចព្រមព្រៀង ណាមួយដោយត្រូវបង់តម្លៃពីការលះបង់គោល ជំហរជាគោលការណ៍ ផលប្រយោជន៍ក្រុមហ៊ុន ឬយុត្តិធម៌អន្តរជាតិនោះឡើយ ៕
