ការបើកទូលាយ កម្រិតខ្ពស់ របស់ប្រទេសចិន លើកកម្ពស់កំណើន ប្រកបដោយគុណភាពខ្ពស់ និងជំរុញកិច្ច សហប្រតិបត្តិការ អន្តរជាតិ

មិនថាស្ថានការណ៍ពិភពលោក មានការប្រែប្រួល ឆាប់រហ័សយ៉ាងណា ប្រទេសចិននៅតែបន្តបេ្តជ្ញាចិត្ត យ៉ាងមុតមាំ ចំពោះពហុភាគីនិយម ពាណិជ្ជកម្មសេរី និង ការបើកទូលាយកម្រិតខ្ពស់។ ពិព័រណ៍អន្តរជាតិចិន សម្រាប់សេវាកម្មពាណិជ្ជកម្ម ឆ្នាំ២០២៥ (China International Fair for Trade in Services – CIFTIS) ដែលទើបតែបិទ បញ្ចប់នៅទីក្រុងប៉េកាំងនាពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពី ការប្តេជ្ញាចិត្តឥតងាករេ របស់រដ្ឋាភិបាលចិន ក្នុងការលើកកម្ពស់កំណើន ប្រកបដោយគុណភាពខ្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ។

តាមរយៈពិព័រណ៍នេះ ប្រទេសចិន កំពុងផ្ញើសារ ដល់សហគមន៍អន្តរជាតិថា វិស័យសេវាកម្មគឺជាក្បាលម៉ាស៊ីន ជំរុញថ្មីសម្រាប់កំណើនសកល។ ការណ៍ដែលរដ្ឋាភិបាលចិន ផ្តល់សារៈសំខាន់ខ្ពស់ចំពោះវិស័យសេវាកម្ម មិនត្រឹមតែដើម្បីជំរុញកំណើនប្រកបដោយគុណភាពខ្ពស់ឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅ១០០ ឆ្នាំទី២ ក្លាយជាប្រទេសសង្គមនិយមទំនើប និង មានវិបុលភាព នៅឆ្នាំ២០៤៩ នោះទេ តែថែមទាំងនាំមកនូវកាលានុវត្តភាព អភិវឌ្ឍន៍ថ្មីៗដល់ពិភពលោកផងដែរ ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបាន និងកំពុងបន្តជំរុញ ការបើកទូលាយនូវវិស័យសេវាកម្មរបស់ខ្លួន។ ជាក់ស្តែង កាលពីឆ្នាំមុន ប្រទេសចិន បានបង្កើតប្រព័ន្ធគ្រប់គ្រង បញ្ជីអវិជ្ជមានទូទាំងប្រទេស សម្រាប់ពាណិជ្ជកម្ម សេវាកម្មឆ្លងដែន។ នៅក្នុងតំបន់ពាណិជ្ជកម្មសេរីសាកល្បងមួយចំនួន អ្នករស់នៅក្រៅប្រទេស អាចបើកគណនីមូលបត្រ ឬគណនីជួញដូរមូលបត្រនាពេលអនាគត (futures account) ដើម្បីចូលរួមក្នុងអាជីវកម្មប្រឹក្សាការវិនិយោគមូលបត្រ ឬសេវាកម្មប្រឹក្សាការជួញដូរមូលបត្រ នាពេលអនាគតជាដើម ។

ជាលទ្ធផល ក្នុងឆមាសទីមួយ នៃឆ្នាំ២០២៥ ពាណិជ្ជកម្មសេវាកម្មចិន បានឈានដល់ ៣,៩ ទ្រីលានយ័ន (ប្រមាណ ៥៤៩ ប៊ីលានដុល្លារ) ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ កំណើននេះបង្ហាញយ៉ាងច្បាស់ពីភាពធន់ និងភាពរស់រវើកនៃសេដ្ឋកិច្ចចិន ដែលនឹងផ្តល់សន្ទុះថ្មីសម្រាប់កំណើនសេដ្ឋកិច្ចក្នុងស្រុក និងកំណើនសេដ្ឋកិច្ចសកល។
ចាប់តាំងពីឆ្នាំ២០១២ មក CIFTIS ត្រូវបានរៀបចំឡើង ដោយជោគជ័យចំនួន ១១ដង និងបានវិវត្តខ្លួនទៅជាវេទិកា តាំងពិព័រណ៍ដ៏ទូលំទូលាយបំផុត របស់ពិភពលោក ក្នុងវិស័យពាណិជ្ជកម្មសេវាកម្ម ។ នៅឆ្នាំនេះ ពិព័រណ៌ CIFTIS មានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិជាង ២៥ ម៉ឹននាក់ ជាមួយនឹងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសេវាកម្មជាង ៩០០ ក្នុងវិស័យសំណង់ បច្ចេកវិទ្យាព័ត៌មាន ហិរញ្ញវត្ថុ និងពាណិជ្ជកម្មឌីជីថល ខណៈដែលកិច្ចប្រជុំធុរកិច្ចជាង ៨ ពាន់ ត្រូវបានផ្តួចផ្តើមនៅលើវេទិកា ផ្គូផ្គងឌីជីថលរបស់ CIFTIS ។
លទ្ធផលគួរឱ្យកត់សម្គាល់ទាំងនេះ បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ CIFTIS ក្នុងការជំរុញការផ្លាស់ប្តូរធុរកិច្ច នវានុវត្តន៍ និងភាពជាដៃគូសកល ព្រមទាំងការចែករំលែកភាគលាភ នៃការអភិវឌ្ឍប្រកបដោយគុណភាព ខ្ពស់របស់ប្រទេសចិន ។ តាមរយៈ CIFTIS ដៃគូអន្តរជាតិអាចចូលទៅកាន់ទីផ្សាររបស់ប្រទេសចិន និងរួមចំណែកដល់ការ ជំរុញអនាគតនៃពាណិជ្ជកម្ម សេវាកម្មសកលផងដែរ។
ជារួម ពិព័រណ៍ CIFTIS មិនត្រឹមតែចាក់បញ្ចូល នូវកម្លាំងជំរុញថ្មី សម្រាប់ការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ របស់ប្រទេសចិននោះទេ តែថែមទាំងនាំមក នូវកាលានុវត្តភាពថ្មីៗ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ អន្តរជាតិពាណិជ្ជកម្ម សេវាកម្មផងដែរ ។ នាពេលអនាគត CIFTIS នឹងបន្តដើរតួនាទី ជានិម្មិតរូបនៃភាពបើកចំហ និងកិច្ចសហប្រតិបត្តិការ ក្នុងការ ធ្វើឱ្យប្រសើរឡើង នូវរចនាសម្ព័ន្ធ នៃពាណិជ្ជកម្មសេវាកម្ម និងការលើកកម្ពស់នវានុវត្តន៍ ដើម្បីរួមគ្នាកសាងសហគមន៍ វាសនារួមសម្រាប់មនុស្សជាតិ។
ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា
