ព័ត៌មានអន្តរជាតិ

លោកពូទីន​ បញ្ជាក់ថា ទាហាន​ ១០ម៉ឺននាក់ចូលរួមក្នុងសមយុទ្ធយោធារវាងរុស្ស៊ី​ និងបេឡារុស្ស

មូស្គូៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃអង្គារនេះថា ទាហាន ១០ម៉ឺននាក់កំពុងចូលរួមក្នុងសមយុទ្ធយោធារួមគ្នារវាងរុស្ស៊ី និងបេឡារុស្ស ដែលត្រូវបានគេស្គាល់ថា Zapad-2025 ។

លោក​ ពូទី​ន​ បានលេីកឡេីងនៅពេលទៅទស្សនាកន្លែងហ្វឹកហាត់ Mulino ក្នុងតំបន់ Nizhny Novgorod របស់រុស្ស៊ីថា “ព្រឹត្តិការណ៍នេះកំពុងធ្វើឡើងនៅទីលានហ្វឹកហ្វឺនចំនួន ៤១​ ដែលមានទាហាន ១០ម៉ឺននាក់ និងប្រព័ន្ធអាវុធ និងឧបករណ៍ប្រហែល ១០០០០”។

លោក​បាន​កត់​សម្គាល់​ថា ក្នុង​ចំណោម​គ្រឿង​បរិក្ខារ​នោះ មាន​យន្តហោះ​ចំនួន ៣៣៣ គ្រឿង និង​នាវា​ជាង ២៤៧ គ្រឿង។

លោក​ ពូទីន​ បានបន្ថែមថា សមយុទ្ធនេះមានគោលបំណង “អនុវត្តនូវរាល់ធាតុចាំបាច់សម្រាប់ការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការការពារដោយគ្មានលក្ខខណ្ឌនៃរដ្ឋសហភាពប្រឆាំងនឹងការឈ្លានពានណាមួយ”។

សមយុទ្ធ​រួម​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​១២​  ដល់​  ទី១៦​ខែ​កញ្ញា​ក្នុង​ប្រទេស​ទាំង​ពីរ។

វិមានក្រឹមឡាំងបានឧ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លកទៅកាន់កន្លែងហ្វឹកហាត់ Mulino លោកពូទី​ន​ ក៏បានត្រួតពិនិត្យអាវុធ កងកម្លាំងយោធា និងឧបករណ៍ឯកទេសដែលពាក់ព័ន្ធនឹងសមយុទ្ធនេះផងដែរ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top