ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ ចាត់ទុកការទូតជាដំណោះស្រាយ តែមួយគត់​ ចំពោះបញ្ហានុយក្លេអ៊ែរ

តេអេរ៉ង់ៈ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyyed Abbas Araghchi បានសង្កត់ធ្ងន់កាលពីថ្ងៃអង្គារថា អ៊ីរ៉ង់​ តែងតែចាត់ទុកការទូតជាដំណោះស្រាយតែមួយគត់​ ចំពោះបញ្ហានុយក្លេអ៊ែររបស់ខ្លួន។

នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីយប់ថ្ងៃអង្គារ ជាមួយសមភាគីបារាំងលោក Jean-Noel Barrot លោក Araghchi បានអះអាងសារជាថ្មីអំពីការត្រៀមខ្លួនរបស់អ៊ីរ៉ង់​ ក្នុងការស្វែងរកដំណោះស្រាយ “យុត្តិធម៌ និងតុល្យភាព” ដែលនឹងការពារផលប្រយោជន៍រួម នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួង ការបរទេសអ៊ីរ៉ង់កាលពីថ្ងៃពុធ។

ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្តការពិគ្រោះយោបល់ និងការទំនាក់ទំនងទ្វេភាគី ព្រមទាំងពិភាក្សាអំពីទំនាក់ទំនងរវាងប្រទេសរបស់ពួកគេ រួមទាំងបញ្ហាកុងស៊ុលផងដែរ។

ទាក់ទិននឹងការជំរុញយន្តការ “ខ្ទាស់” ដោយប្រទេសអឺរ៉ុបទាំងបី បារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលហៅជារួមថា E3 នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដើម្បីដាក់ទណ្ឌកម្មអន្តរជាតិឡើងវិញលើអ៊ីរ៉ង់ ជំហាននេះគឺសំដៅបង្កើនភាពតានតឹង និងវិបត្តិ។

លោកបានគូសបញ្ជាក់អំពីលក្ខណៈ “សន្តិភាព” នៃកម្មវិធី នុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងបានចង្អុលបង្ហាញ អំពីកិច្ចព្រមព្រៀងនាពេលថ្មីៗនេះរវាងទីក្រុងតេអេរ៉ង់ និងទីភ្នាក់ងារថាមពលបរមាណូ អន្តរជាតិស្តីពីការបន្តកិច្ច សហប្រតិបត្តិការទ្វេភាគី៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top