ព័ត៌មានអន្តរជាតិ

លោក Trump លើកឡើងថា អង់គ្លេសគួរប្រើប្រាស់កម្លាំងយោធា ដើម្បីគ្រប់គ្រងព្រំដែន ពីអន្តោប្រវេសខុសច្បាប់

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា លោក Donald Trump បានស្នើឱ្យនាយករដ្ឋមន្ត្រី អង់គ្លេសលោក Sir Keir Starmer ក្នុងការប្រើប្រាស់កម្លាំងយោធា ដើម្បីបញ្ឈប់ការធ្វើចំណាកស្រុកខុសច្បាប់ នៅតាមបណ្តោយព្រំដែនរបស់ខ្លួន។

ថ្លែងបែបនេះ នៅក្នុងសន្និសីទ សារព័ត៌មានមួយ ដែលបង្ហាញពីការបញ្ចប់ នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ លើកទីពីរ របស់ប្រធានាធិបតីអាមេរិក ទៅកាន់ចក្រភពអង់គ្លេស។លោក Trump បាននិយាយថាលោកបានពិភាក្សា អំពីបញ្ហាចំណាកស្រុកជាមួយលោក Sir Keir Starmer ក្នុងអំឡុងពេលកិច្ចប្រជុំំ។

ប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកឡើងអំពីគោល នយោបាយរបស់គាត់ក្នុងការធានាព្រំដែន នៅសហរដ្ឋអាមេរិកហើយបាននិយាយថា ចក្រភពអង់គ្លេស បានប្រឈមមុខនឹងបញ្ហាស្រដៀងគ្នា នេះជាមួយនឹងជនចំណាកស្រុកខុសច្បាប់ទាំងនោះ។

លោក Trump បាននិយាយថា៖អន្តោប្រវេសខុសច្បាប់ចូលមកកាន់តែច្រើន ហើយខ្ញុំបានប្រាប់នាយករដ្ឋមន្រ្តីថា ខ្ញុំនឹងបញ្ឈប់វា ហើយវាគ្មានបញ្ហាទេ ប្រសិនបើកោះហៅយោធា វាមិនមានបញ្ហាអ្វីនោះប្រសិនបើប្រើប្រាស់ពួកគេ ។

គួរឲ្យដឹងដែរថាលោក Trump និងលោក Sir Keir បានពិភាក្សាគ្នា ជុំវិញបញ្ហាចម្រូងចម្រាសជាច្រើន រួមទាំងការចោទប្រកាន់ថា ការបញ្ចេញមតិដោយសេរី កំពុងរងការវាយប្រហារនៅ ចក្រភពអង់គ្លេស និងការបណ្តេញលោក Peter Mandelson ចេញពីតំណែងជាឯកអគ្គរដ្ឋទូត ចក្រភពអង់គ្លេសប្រចាំនៅ សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុនផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top