អាកាសយានដ្ឋានសំខាន់ៗ ក្នុងប្រទេសន័រវេស និង ប្រទេសដាណឺម៉ាក ត្រូវបង្ខំឱ្យបិទជើងហោះហើរទាំងអស់ បន្ទាប់ពីប្រទះឃើញ យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង

បរទេស៖ អាកាសយានដ្ឋានសំខាន់ៗក្នុងប្រទេសន័រវេស និង ប្រទេសដាណឺម៉ាក ត្រូវបានបង្ខំឱ្យបិទជើងហោះហើរទាំងអស់ បន្ទាប់ពីប្រទះឃើញយន្តហោះគ្មានមនុស្សបើក ជាច្រើននៅក្បែរផ្លូវរត់កាលពីថ្ងៃចន្ទ និងដើមថ្ងៃអង្គារ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងប្រទេសដាណឺម៉ាក ប៉ូលីសបាននិយាយថា យន្តហោះគ្មានមនុស្សបើកពីរ ឬបីគ្រឿង ត្រូវបានគេប្រទះឃើញនៅជុំវិញព្រលានយន្តហោះ Copenhagen ដែលជាកន្លែងមមាញឹកបំផុតនៅក្នុងតំបន់ Nordic ។ ដែនអាកាស ត្រូវបានបិទនៅម៉ោង 8:30 នាទីយប់ ម៉ោងក្នុងស្រុក ដោយបញ្ឈប់រាល់ការហោះហើរ និងការចុះចត។ ជើងហោះហើរចាកចេញប្រហែល ៣០ និងអ្នកដំណើរ ២០.០០០នាក់ ត្រូវបានរងផលប៉ះពាល់។
នៅក្នុងប្រទេសន័រវេស អាកាសយានដ្ឋាន Oslo បានបិទដែនអាកាសរបស់ខ្លួនតាំងពីពាក់កណ្តាលអធ្រាត្រ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកមួយគ្រឿង ត្រូវបានគេប្រទះឃើញ នេះបើតាមអ្នកនាំពាក្យរបស់ប្រតិបត្តិករអាកាសយានដ្ឋាន Avinor បានប្រាប់រ៉យទ័រ។ ជើងហោះហើរចេញដំណើរទាំងអស់ត្រូវបានលុបចោល ឬពន្យារពេល ខណៈដែលយន្តហោះដែលនឹងមកដល់ ត្រូវបានប្តូរទិសទៅកាន់ទីក្រុង Gothenburg និង Malmo ក្នុងប្រទេសស៊ុយអែត រហូតដល់អាកាសយានដ្ឋាន បានបើកឡើងវិញនៅម៉ោងប្រហែល 3:22 ព្រឹកថ្ងៃអង្គារ។
យន្តហោះគ្មានមនុស្សបើក ត្រូវបានគេឃើញចុងក្រោយនៅម៉ោង 11:17 យប់ ដោយដែនអាកាសបើកឡើងវិញនៅម៉ោង 12:20 ព្រឹកថ្ងៃអង្គារ។ មន្ត្រីអាកាសយានដ្ឋានបានព្រមានថា ការពន្យារពេល និងការលុបចោលនឹងបន្ត៕
ប្រែសម្រួលៈ ណៃ តុលា
