ព័ត៌មានអន្តរជាតិ

ឱនភាពថវិកាជាតិរបស់រុស្ស៊ី​ នឹងឈានដល់ ១.៦ភាគរយ នៃផលិតផលក្នុងស្រុកសរុប ក្នុងឆ្នាំ២០២៦

មូស្គូ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov បានឧ្យដឹងថា ឱនភាពថវិការបស់ប្រទេសរុស្ស៊ី​ ត្រូវបានគេព្យាករណ៍ថានឹងឈានដល់ ១.៦ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២៦ ខណៈដែលរដ្ឋាភិបាលបានអនុម័តសេចក្តីព្រាងថវិការបស់ប្រទេស​ សម្រាប់ឆ្នាំ២០២៦-២០២៨។

នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលមួយកាលពីថ្ងៃពុធ លោក Siluanov បានឧ្យដឹងថា ប្រាក់ចំណូលថវិការបស់រុស្ស៊ីត្រូវបានគេព្យាករណ៍ថា​ មានចំនួន ៤០.២៨៣ ពាន់ពាន់លានរូប្លែ (ប្រហែល ៤៨១ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២៦ ហើយប្រាក់ចំណូលមិនមែនប្រេង និងឧស្ម័ននឹងមានជិត ៧៨ភាគរយនៃប្រាក់ចំណូលសរុប។ ការចំណាយត្រូវបានគេរំពឹងថា​ នឹងកើនឡើងដល់ ៤៤.១ពាន់ពាន់លានរូប្លែនៅឆ្នាំក្រោយ។

យោងតាមលោក Siluanov បានឱ្យដឹងថា ឱនភាពថវិកាសហព័ន្ធដែលបានព្យាករណ៍នៅឆ្នាំ២០២៦ នឹងត្រូវអនុវត្តតាមដោយ ១.២ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០២៧​ និង ១.៣ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២៨។

នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin បានឧ្យដឹងនៅក្នុងកិច្ចប្រជុំថា សេចក្តីព្រាងថវិការយៈពេល​ ៣ឆ្នាំថ្មីកំពុងត្រូវបានគ្រោងទុកជាមួយនឹងទស្សនវិស័យជាក់ស្តែង ហើយនឹងផ្អែកលើបញ្ហាប្រឈមសកលបច្ចុប្បន្ន៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top