ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើងលើកឡើងក្នុងសារជូនពរខួបកំណើតគម្រប់៧៣ឆ្នាំ របស់លោកពូទីនថា មិត្តភាពរវាងកូរ៉េខាងជើង និងរុស្ស៊ី ជាមិត្តភាពអមតៈ

បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសាទរចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធិពិសេសរបស់ប្រទេសលោកជាមួយរុស្ស៊ី ដោយហៅមិត្តភាពរវាងកូរ៉េខាងជើង និងរុស្ស៊ីថា ជាមិត្តភាព “អមតៈ”។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសារមួយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ (KCNA) កាលពីថ្ងៃអង្គារ លោក គីម បានជូនពរលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដែលមានអាយុ ៧៣ ឆ្នាំ នូវថ្ងៃខួបកំណើតដ៏រីករាយ និងបានកោតសរសើរចំពោះ “ការដឹកនាំដ៏ឈ្លាសវៃ” និង “ការលះបង់ស្នេហាជាតិ” ។

លោកបានបន្ថែមថា រុស្ស៊ីកំពុងតែបង្ហាញពីភាពរុងរឿងរបស់ខ្លួនក្នុងនាមជាមហាអំណាចពិភពលោកមួយ និងបាននាំមុខក្នុងការបង្កើតពិភពចម្រុះថ្មីមួយ។

លោក គីម ជុងអ៊ុន បានសន្យាថា ទីក្រុងព្យុងយ៉ាងនឹង “រក្សាភាពស្មោះត្រង់ចំពោះការអនុវត្តសន្ធិសញ្ញាអន្តររដ្ឋរវាងកូរ៉េខាងជើង និងរុស្ស៊ី” ដោយពណ៌នាថា ជា “កាតព្វកិច្ចជាបងប្អូន”។ លោកក៏បានបញ្ជាក់ពីការគាំទ្រចំពោះ “ការតស៊ូរបស់រុស្ស៊ីសម្រាប់ការការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងផលប្រយោជន៍សន្តិសុខ” ផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top