ព័ត៌មានអន្តរជាតិ

លោក​ ដូណាល់​ ត្រាំ​ អនុញ្ញាតឱ្យបន្តគម្រោងការបន្ធូរបន្ថយពន្ធ​​ សម្រាប់គ្រឿងបន្លាស់រថយន្តដែលត្រូវប្រើប្រាស់ក្នុងរថយន្តផលិតនៅអាមេរិក

Kyodo

វ៉ាស៊ីនតោន៖​ ប្រធានាធិបតីអាមេរិកលោក ដូណាល់​ ត្រាំ​ របានអនុញ្ញាតឱ្យបន្តគម្រោងការបន្ធូរបន្ថយពន្ធ សម្រាប់គ្រឿងបន្លាស់រថយន្តដែលត្រូវប្រើប្រាស់ក្នុងរថយន្តផលិតនៅអាមេរិក និងការដំឡើងពន្ធ ២៥ភាគរយលើរថយន្តដឹកទំនិញធុនធ្ងន់ និងមធ្យម និងគ្រឿងបន្លាស់របស់ពួកគេ ដោយចាប់ផ្តើមពីថ្ងៃទី១​ ខែវិច្ឆិកា ដោយមានករណីលើកលែងមួយចំនួន។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានឧ្យដឹងថា ប្រទេសជប៉ុន និងសហភាពអឺរ៉ុប ដែលបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកកាលពីដើមឆ្នាំនេះ នឹងត្រូវបានលើកលែងពីពន្ធបន្ថែម។

ការប្រកាសដែលចុះហត្ថលេខាដោយលោក ត្រាំ ក៏បានដាក់ពន្ធ ១០ភាគរយលើរថយន្តក្រុងដែលនាំចូលផងដែរ។​ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកបានដាក់ពន្ធ ២៥ភាគរយលើរថយន្តដឹកទំនិញធុនធ្ងន់ និងមធ្យម និង ២ភាគរយលើរថយន្តក្រុង។

នៅក្នុងខែឧសភា រដ្ឋបាលលោក​ ត្រាំ​ បានដាក់ពន្ធថ្មី ២៥ភាគរយលើគ្រឿងបន្លាស់រថយន្ត ប៉ុន្តែបានចាត់វិធានការ​ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃវិធានការការពារបន្ទាប់ពីការផ្ទុះឡើងពីឧស្សាហកម្មរថយន្ត។

ក្រុមហ៊ុនផលិតរថយន្តបានអះអាងថា ដោយសារតែភាពស្មុគស្មាញនៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ វានឹងត្រូវការពេលវេលា​ ដើម្បីទិញគ្រឿងបន្លាស់ទាំងអស់​ ដែលចាំបាច់ក្នុងស្រុកដើម្បីផលិតរថយន្តនៅសហរដ្ឋអាមេរិក។

រដ្ឋបាលបានណែនាំកម្មវិធីបន្ធូរបន្ថយពន្ធដែលអនុញ្ញាតឱ្យក្រុមហ៊ុនផលិតរថយន្តដាក់ពាក្យស្នើសុំសំណងរហូតដល់ ៣.៧៥ភាគរយនៃតម្លៃរថយន្តដែលផលិតដោយសហរដ្ឋអាមេរិកនីមួយៗក្នុងឆ្នាំដំបូង និង ២.៥ភាគរយនៅឆ្នាំទីពីរ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top