មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នាតវ៉ានៅទីក្រុងហាវ៉ាណា ដើម្បីគាំទ្រវេណេស៊ុយអេឡា ប្រឆាំងនឹងការជ្រៀតជ្រែករបស់អាមេរិក

ហាវ៉ាណា៖ ប្រជាជនគុយបារាប់ពាន់នាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃសុក្រនៅទីក្រុងហាវ៉ាណា ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយវេណេស៊ុយអេឡា ហើយបដិសេធនូវអ្វីដែលពួកគេហៅថាការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក ដែលកំពុងកើនឡើងនៅក្នុងប្រទេសអាមេរិកខាងត្បូង។
ប្រធានាធិបតីគុយបាលោក Miguel Diaz-Canel បានដឹកនាំការជួបជុំនេះ ដែលប្រារព្ធឡើងនៅតាមបណ្តោយផ្លូវធំមួយក្នុងសង្កាត់ Vedado។
ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំតំណាងនៃគណបក្សឆ្វេងនិយម គណៈប្រតិភូមកពីប្រទេសមួយចំនួនចូលរួមកិច្ចប្រជុំអន្តរជាតិលើកទី៣ នៃការបោះពុម្ពទ្រឹស្តីនៃគណបក្ស និងចលនាឆ្វេង ព្រមទាំងអ្នកស្រុកក្នុងតំបន់ផងដែរ។
លោក Roberto Morales លេខាធិការអង្គការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា បានថ្កោលទោសនូវអ្វីដែលលោកហៅថា “ផែនការអន្តរាគមនិយម” របស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា និងបានគូសបញ្ជាក់ពីការប្រមូលហត្ថលេខាគុយបាជាង ៤.៣លានហត្ថលេខាក្នុងសាមគ្គីភាពជាមួយប្រជាជនវេណេស៊ុយអេឡា។
លោក Morales បានលេីកឡេីងថា “យើងការពារវេណេស៊ុយអេឡាពីទីនេះ និងតាមរយៈរាល់បេសកកម្មសង្គម ដែលប្រទេសរបស់យើងរក្សានៅក្នុងប្រទេស យើងការពារការសន្ទនាប្រកបដោយការគោរព និងឯកភាពជាជាងការដកខ្លួនចេញ”៕
ប្រែសម្រួល ឈូក បូរ៉ា
