ព័ត៌មានអន្តរជាតិ

កិច្ចព្រមព្រៀង ពាណិជ្ជកម្មម៉ិកស៊ិក-សហភាពអឺរ៉ុប​ នឹងចូលជាធរមាននៅឆ្នាំ២០២៦

ម៉ិកស៊ិក៖​ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី​ Claudia Sheinbaum បានឧ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី របស់ម៉ិកស៊ិកដែលបានឈានដល់ ជាមួយសហភាពអឺរ៉ុប ត្រូវបានគេរំពឹងថានឹងចូលជាធរមាននៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីត្រូវបានចុះហត្ថលេខាក្នុងប៉ុន្មានខែខាងមុខនេះ។

លោកស្រី​ Sheinbaum បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃរបស់លោកស្រីថា កិច្ចព្រមព្រៀងសកលទំនើបកម្ម ជំនួសកិច្ចព្រមព្រៀង សកលម៉ិកស៊ិក-អឺរ៉ុប​ ដែលសម្រេចបានក្នុងឆ្នាំ២០០០ “រួមបញ្ចូលការកាត់បន្ថយ ពន្ធលើផលិតផលមួយចំនួន ដែលផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើនដល់ការនាំចេញ របស់ម៉ិកស៊ិកទៅកាន់អឺរ៉ុប ទាំងទំនិញកសិកម្ម និងផលិតផល”។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កិច្ចព្រមព្រៀងដែលបានធ្វើបច្ចុប្បន្នភាពនឹងលុបចោលភ្លាមៗនូវពន្ធលើទំនិញកសិកម្ម ៨៦ភាគរយនៃម៉ិកស៊ិក ហើយ ១០ភាគរយទៀតនឹងត្រូវលុបចោលក្នុងរយៈពេល ៧ឆ្នាំ។

នៅឆ្នាំ២០២៤​ ពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និង ម៉ិកស៊ិកមានចំនួនសរុបជាង ៨២ពាន់លានអឺរ៉ូ (៩៥.៦ពាន់លានដុល្លារអាមេរិក) ដែលធ្វើឱ្យប្លុកនេះក្លាយជាដៃគូពាណិជ្ជកម្មធំបំផុត ទីបីរបស់ប្រទេសអាមេរិកឡាទីនមួយនេះ​៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top