ចិន ជំរុញឲ្យហ្វីលីពីន បញ្ឈប់ការបំភាន់ក្នុងបញ្ហាសមុទ្រចិនខាងត្បូង

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានជំរុញប្រទេសហ្វីលីពីន ឱ្យបោះបង់ “ការបំភាន់ដែលមិនប្រាកដនិយម” របស់ខ្លួន និងបញ្ឈប់ “ការបំភាន់” របស់ខ្លួននៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង។
លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិនបានធ្វើការកត់សម្គាល់ជាការឆ្លើយតបទៅនឹងការឈ្លានពានខុសច្បាប់នាពេលថ្មីៗនេះនៃនាវាហ្វីលីពីន ចូលទៅក្នុងដែនទឹកដែលនៅជាប់នឹងកោះ និងថ្មប៉ប្រះទឹកនៃកោះ Nansha Qundao របស់ចិន ក៏ដូចជាការអះអាងគ្មានមូលដ្ឋានច្បាស់លាស់របស់មន្ត្រីការពារជាតិហ្វីលីពីននាពេលថ្មីៗនេះអំពីអធិបតេយ្យភាពរបស់ហ្វីលីពីនលើដែនកោះ Huangyan Dao និង Nansha Quand ។
លោកបានលេីកឡេីងថា “ការពិតគឺច្បាស់លាស់ ហើយហ្វីលីពីន មិនមានហេតុផល ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ ឬបដិសេធការឈ្លានពាន ការញុះញង់ និងការប្រព្រឹត្តខុសរបស់ខ្លួនឡើយ”។
លោកបានកត់សម្គាល់ថា វិសាលភាពនៃទឹកដីហ្វីលីពីន ត្រូវបានកំណត់ដោយសន្ធិសញ្ញាអន្តរជាតិជាបន្តបន្ទាប់ ហើយដែនកោះ Huangyan Dao និង Nansha Qundao របស់ចិនមិនស្ថិតក្នុងវិសាលភាពនោះទេ។
លោកបានបន្ដថា ប្រទេសហ្វីលីពីនមានចេតនាបំភ្លៃការពិតជាប្រវត្តិសាស្ត្រ និងផ្លូវច្បាប់ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការរំលោភបំពាន និងការញុះញង់របស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា
