នាយករដ្ឋមន្ត្រីហុងគ្រី៖ អឺរ៉ុបគួរតែផ្តោតលើការរៀបចំសម្រាប់សន្តិភាព ជាជាងសង្គ្រាម

ហាវ៉ាណា៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានឧ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុជាតិ Kossuth ថា អឺរ៉ុបគួរតែផ្តោតលើការរៀបចំ សម្រាប់សន្តិភាពជាជាងសង្គ្រាម។
លោក Orban បានលេីកឡេីងថា “អឺរ៉ុបមិនគួររៀបចំសម្រាប់សង្រ្គាមនោះទេ ក្រៅពីសន្តិភាព” ដោយបន្ថែមថាបញ្ហាដ៏ធំបំផុតរបស់ទ្វីប គឺជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន។
លោកបានបន្ដថា “តើអ្វីជាបញ្ហាធំបំផុតរបស់អឺរ៉ុប? សង្រ្គាមគឺជាបញ្ហាធំបំផុត។ ការបន្តសង្រ្គាមមានន័យថាការបន្តបញ្ហា។ សហភាពអឺរ៉ុបបានបញ្ជូន ១៨០ពាន់លានអឺរ៉ូ (ប្រហែល ២១០ពាន់លានដុល្លារ) ដោយផ្ទាល់ទៅក្នុងសង្រ្គាមនេះ”។
ទាក់ទិននឹងជំនួបនាពេលខាងមុខរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងប៊ូដាប៉េស មេដឹកនាំហុងគ្រីបានឧ្យដឹងថា ការត្រៀមរៀបចំបានចាប់ផ្តើមហើយ ដោយរដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក និងរុស្ស៊ី កំពុងធ្វើការ “ព្យាយាមដោះស្រាយបញ្ហាលេចធ្លោក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់មកមួយសប្តាហ៍បន្ទាប់ពីនោះ មេដឹកនាំកំពូលអាមេរិក និងរុស្ស៊ី អាចនៅក្នុងទីក្រុងប៊ូដាប៉េស”។
លោកបានពណ៌នាប្រទេសហុងគ្រីថាជាប្រទេសគាំទ្រសន្តិភាពតែមួយគត់នៅក្នុងទ្វីបអឺរ៉ុប ដែលមាន “ស្ថិរភាព បើកចំហ ខ្លាំងៗ ហើយពិតជាសកម្ម” ក្នុងការឈរសម្រាប់សន្តិភាពក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
