ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ប្រកាសលាលែងពីតំណែងជាប្រធានគណបក្សភឿថៃ

បរទេស៖ នយោបាយថៃប្រឈមនឹង ការប្រែប្រួលរញ្ជួយមួយទៀត ខណៈអតីតនាយករដ្ឋមន្ត្រីថៃ គឺលោកស្រី Paetongtarn Shinawatra បានប្រកាសលាលែងពីតំណែងជាប្រធានគណបក្សភឿថៃ នៅព្រឹកថ្ងៃពុធ។

យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ថា ក្នុងលិខិតសាធារណៈផ្ញើជូនសមាជិកបក្ស និងសាធារណជនទូទៅ អ្នកស្រី Paetongtarn បានពន្យល់ពីការសម្រេចចិត្តចុះចេញពីតំណែងថា “ថ្ងៃនេះ ខ្ញុំបានសម្រេចចិត្តលាលែងពីតំណែងជាប្រធានគណបក្សភឿថៃ ដោយមានបំណងថា នេះជាការចាប់ផ្តើមនៃការផ្លាស់ប្តូរគណបក្សភឿថៃ ដូចដែលខ្ញុំបានប្រកាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៥។ នេះជាចក្ខុវិស័យថ្មី ភាពក្លាហានក្នុងការផ្លាស់ប្តូរ ដើម្បីប្រជាជនក្នុងន័យពិតបំផុត។

បច្ចុប្បន្ននេះ យើងស្ថិតក្នុងយុគសម័យដែលសង្គមពិភពលោកមានភាពផុយស្រួយ ស្មុគស្មាញ រសើប និងពិបាកទាយទុកជាមុន។ ប្រទេសថៃស្ថិតក្នុងដំណាក់កាលអន្តរកាលដ៏សំខាន់បំផុតជាមួយនឹងការបោះឆ្នោតនាពេលខាងមុខ។ ដូច្នេះហើយ គណបក្សភឿថៃ ដែលជាគណបក្សនយោបាយសំខាន់របស់ប្រទេស ចាំបាច់ត្រូវរុះរើ ផ្លាស់ប្តូរ ផ្លាស់ប្តូររចនាសម្ព័ន្ធ ដំណើរការ និងរបៀបគិតគូរទាំងស្រុង ដើម្បីឲ្យគណបក្សអាចឈ្នះការបោះឆ្នោត រួចបន្តរុះរើ និងស្តារប្រទេសថៃឡើងវិញ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top