យោធាអាមេរិក វាយប្រហារទៅលើកប៉ាល់ ដែលសង្ស័យថាដឹកគ្រឿងញៀន សម្លាប់មនុស្ស២នាក់

បរទេស៖ រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោក Pete Hegseth បាននិយាយកាលពីថ្ងៃពុធថា យោធាសហរដ្ឋអាមេរិកបានសម្លាប់អ្នករត់ពន្ធគ្រឿងញៀនពីរនាក់ ដែលត្រូវបានចោទប្រកាន់ នៅក្នុងការវាយប្រហារប្រឆាំងនឹង នាវាមួយនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត ។
លោក Pete Hegseth បាននិយាយថា ជាការវាយប្រហារដែលពង្រីកការប្រើប្រាស់ យោធាដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump នៅក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់ខ្លួន។
យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ការវាយប្រហារនេះគឺជាប្រតិបត្តិការយោធាដំបូងគេបង្អស់របស់សហរដ្ឋអាមេរិកនៅប៉ាស៊ីហ្វិក ចាប់តាំងពីលោក Trump បានចាប់ផ្តើមការវាយលុកយោធាថ្មីមួយប្រឆាំងនឹងការជួញដូរគ្រឿងញៀន ដែលបាននាំឱ្យមានការវាយប្រហារយ៉ាងហោចណាស់ចំនួន ៧ ដងនៅតំបន់ Caribbean និងបានបង្កើនភាពតានតឹងរបស់សហរដ្ឋអាមេរិក ជាមួយប្រទេសវេណេស៊ុយអេឡា និងកូឡុំប៊ី។
លោក Hegseth បាននិយាយថា “នាវានេះត្រូវបានដឹងដោយការស៊ើបការណ៍របស់យើងថា មានជាប់ពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀនខុសច្បាប់ កំពុងឆ្លងកាត់តាមផ្លូវឆ្លងកាត់ការជួញដូរគ្រឿងញៀនដែលគេស្គាល់ និងដឹកគ្រឿងញៀន” ប៉ុន្តែលោកបាននិយាយដោយមិនផ្តល់ភស្តុតាងនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា
