ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថ្មីជប៉ុន គ្រោងជួបសន្ទនាគ្នាតាមទូរស័ព្ទលើកដំបូងជាមួយលោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍

តូក្យូ៖ យោងតាមប្រភពព័ត៌មានពីរដ្ឋាភិបាលមួយបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនថ្មីលោកស្រី Sanae Takaichi កំពុងរៀបចំកិច្ចសន្ទនាតាមទូរស័ព្ទលើកដំបូងជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រាប់ថ្ងៃសៅរ៍។ មេដឹកនាំទាំងពីរ ដែលមិនទាន់បានទាក់ទងដោយផ្ទាល់ចាប់តាំងពីលោកស្រី Takaichi បានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ជប៉ុនកាលពីថ្ងៃអង្គារ ត្រូវបានគេរំពឹងថា នឹងបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការពង្រឹងសម្ព័ន្ធភាពជប៉ុន-អាមេរិក មុនពេលដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ប្រទេសជប៉ុននៅសប្តាហ៍ក្រោយ។

យោងតាមប្រភពព័ត៌មាន ពួកគេក៏ទំនងជានឹងពិភាក្សាអំពីបញ្ហាសន្តិសុខក្នុងតំបន់ផងដែរ រួមទាំងការអះអាងកាន់តែខ្លាំងឡើងរបស់ប្រទេសចិននៅក្នុងតំបន់ និងការបាញ់មីស៊ីលផ្លោងជាបន្តបន្ទាប់របស់កូរ៉េខាងជើង នេះបើយោងតាមករចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លោក Minoru Kihara លេខាធិការគណៈរដ្ឋមន្ត្រី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានធម្មតាមួយកាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រី Takaichi មានគោលបំណងកសាង “ទំនាក់ទំនងផ្ទាល់ខ្លួននៃការជឿទុកចិត្ត” ជាមួយលោក ត្រាំ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោកទៅកាន់ប្រទេសជប៉ុន ចាប់ពីថ្ងៃចន្ទសប្ដាហ៍ក្រោយ សម្រាប់កិច្ចពិភាក្សាកំពូល។

លោក Kihara អ្នកនាំពាក្យរដ្ឋាភិបាលជាន់ខ្ពស់ បានបន្ថែមថា ប្រទេសជប៉ុនសង្ឃឹមថា នឹងបញ្ជាក់ពីកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក លើការពង្រឹងសម្ព័ន្ធភាពជប៉ុន-សហរដ្ឋអាមេរិក ការលើកកម្ពស់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ និងការដោះស្រាយបញ្ហាជនជាតិជប៉ុន ដែលត្រូវបានកូរ៉េខាងជើងចាប់ពង្រត់។

លោក ដូណាល់ ត្រាំ គ្រោងនឹងជួបជាមួយព្រះចៅអធិរាជ Naruhito ដែលទំនងជានៅថ្ងៃចន្ទផងដែរ នេះបើយោងតាមប្រភពព័ត៌មានពីរដ្ឋាភិបាលមួយបានឲ្យដឹងកន្លងមក។ កិច្ចពិភាក្សាកំពូលរបស់លោកជាមួយលោកស្រី Takaichi កំពុងត្រូវបានរៀបចំសម្រាប់ថ្ងៃអង្គារ។ លោកប្រធានាធិបតីក៏ត្រូវបានគេរំពឹងថា នឹងជួបជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះមួយចំនួនមុនពេលចាកចេញទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top