ទីក្រុងមូស្គូ បដិសេធការអះអាង ដោយរដ្ឋសមាជិកណាតូថាបានរំលោភលើដែនអាកាសរបស់ខ្លួន
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ីបានច្រានចោល ការអះអាងដែលថាយន្តហោះយោធារបស់ខ្លួនបានចូលដែនអាកាស របស់ប្រទេសលីទុយអានី។
ក្រៅពីនោះរដ្ឋផ្សេងទៀតរបស់អង្គការណាតូ និងសហភាពអឺរ៉ុបបានធ្វើការអះអាង ស្រដៀងគ្នាកាលពីពេលថ្មីៗនេះ ដែលទីក្រុងម៉ូស្គូក៏បានច្រានចោលផងដែរ។
ប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda បានចោទប្រកាន់កាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះចម្បាំងរុស្ស៊ី Su-30 និងយន្តហោះដឹកជញ្ជូន Il-78 បានហោះក្នុងចម្ងាយ៧០០ ម៉ែត្រចូលទៅក្នុងដែនអាកាសរបស់ប្រទេស។
យន្តហោះចម្បាំងអេស្បាញ Eurofighter ចំនួនពីរគ្រឿងដែលឈរជើងក្នុងប្រទេសនេះ ក្រោមបេសកកម្មប៉ូលីសអាកាសបាល់ទិក របស់អង្គការណាតូ ត្រូវបានគេរាយការណ៍ថា បានចេញប្រតិបត្តិការជាការឆ្លើយតបផងដែរ។
ក្រសួងការពារជាតិរុស្ស៊ីយ៉ាងណាក្តី បានធ្វើការច្រានចោលការចោទប្រកាន់នេះ ដោយបញ្ជាក់ថា យន្តហោះរបស់ខ្លួនកំពុងបំពេញបេសកកម្មហ្វឹកហ្វឺនតាមកាលវិភាគនៅលើតំបន់ Kaliningrad កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែ មិនបានងាកចេញពីផ្លូវរបស់ពួកគេ ឬបំពានព្រំដែននៃរដ្ឋផ្សេងទៀតទេ។ វាត្រូវបានបញ្ជាក់ដោយ ទិន្នន័យត្រួតពិនិត្យគោលបំណងផងដែរ៕
ប្រែសម្រួល៖ ស៊ុន លី
