ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ បេីកការវាយប្រហារទៅលើឧស្សាហកម្មយោធា​ និងថាមពលអ៊ុយក្រែន

មូស្គូ៖​ កងកម្លាំងយោធារុស្ស៊ី​ បានបើកការវាយប្រហារសម្របសម្រួលប្រឆាំងនឹងសហគ្រាសឧស្សាហកម្មយោធា និងទីតាំងឧស្ម័ន និងថាមពលរបស់អ៊ុយក្រែន នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី។ 

ការវាយប្រហារបានចាប់ផ្តើមនៅយប់ថ្ងៃអាទិត្យ ហើយបន្តរហូតដល់ថ្ងៃចន្ទ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបន្ថែមថា ខ្លួនបានប្រើប្រាស់ “អាវុធរយៈចម្ងាយឆ្ងាយ​ ដែលមានភាពជាក់លាក់ខ្ពស់ រួមទាំងប្រព័ន្ធបាញ់ចេញពីដី និងអាកាសដូចជាមីស៊ីលបាលីស្ទិកល្បឿនលឿនជាងសំឡេង​ ‘Kinzhal’ និងយន្តហោះគ្មានមនុស្សបើកប្រយុទ្ធ”។

ក្រសួងបានឧ្យដឹងថា “ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានយោធា និងមូលដ្ឋានជួសជុលសម្រាប់អាវុធ និងឧបករណ៍យោធារបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន” ក៏ត្រូវបានកំណត់គោលដៅនៅក្នុងការវាយប្រហារនេះផងដែរ។​ ក្រសួងបានឧ្យដឹងថា គោលដៅទាំងអស់​ ដែលត្រូវបានគ្រោងទុកត្រូវបានវាយប្រហារ។

លើសពីនេះ កងកម្លាំងការពារដែនអាកាសបានស្ទាក់ចាប់រ៉ុក្កែតមួយគ្រាប់ពីប្រព័ន្ធអាវុធ HIMARS ដែលផលិតនៅសហរដ្ឋអាមេរិក និងយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន 365 គ្រឿងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ នេះបើយោងតាមក្រសួង៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top