ធនាគារកណ្តាលរុស្ស៊ី បានព្យាករណ៍ថាកំណើន ផលិតផលក្នុងស្រុកសរុប (GDP) របស់រុស្ស៊ី នឹងថយចុះមកត្រឹម ០,៤ ភាគរយ
មូស្គូ៖ កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់រុស្ស៊ីត្រូវបានប៉ាន់ប្រមាណថានឹងថយចុះមកត្រឹម ០,៤ ភាគរយក្នុងមួយឆ្នាំនៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២៥ ដែលទាបជាងការព្យាករណ៍ពីមុន ១,៦ ភាគរយ នៅក្នុងខែកក្កដា នេះបើយោងតាមធនាគារកណ្តាលរបស់រុស្ស៊ី។
យោងតាមធនាគារកណ្តាល នៅក្នុងត្រីមាសទី ៤ អត្រាកំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំត្រូវបានគេរំពឹងថានឹងស្ថិតនៅក្នុងចន្លោះពី -០,៥ ទៅ ០,៥ ភាគរយ ដោយសារតែកត្តាជាច្រើន។
ធនាគារកណ្តាលបានឧ្យដឹងថា សេដ្ឋកិច្ចត្រូវបានព្យាករថានឹងពង្រីកពី ០,៥ ទៅ ១ ភាគរយនៅឆ្នាំ ២០២៥ និង ០,៥ ទៅ ១,៥ ភាគរយនៅឆ្នាំ ២០២៦ ដែលគាំទ្រដោយកំណើនមធ្យម នៃតម្រូវការអ្នកប្រើប្រាស់ និងការវិនិយោគ។
ធនាគារកណ្តាលបានឲ្យដឹងថា សកម្មភាពវិនិយោគបានបន្តកើនឡើងនៅត្រីមាសទីបីនៃឆ្នាំ២០២៥ ទោះបីជាមានល្បឿនមធ្យមជាងបើធៀបនឹងរយៈពេលពីរឆ្នាំមុនក៏ដោយ៕
ប្រែសម្រួល ឈូក បូរ៉ា
