ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ អះអាងថា អាមេរិក ត្រូវតែទទួលខុសត្រូវ ចំពោះតួនាទីនៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល កាលពីក្នុងខែមិថុនា

Xinhua

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឲ្យដឹងថា សហរដ្ឋអាមេរិកត្រូវតែទទួលខុសត្រូវចំពោះ “ការចូលរួមដោយផ្ទាល់” របស់ខ្លួននៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល លើអ៊ីរ៉ង់ក្នុងខែមិថុនា។

នៅក្នុងការបង្ហោះមួយនៅលើ X លោក Baghaei បានឆ្លើយតបទៅនឹងការកត់សម្គាល់ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា លោក “ទទួលខុសត្រូវយ៉ាងខ្លាំង” លើការវាយប្រហារដំបូង របស់អ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលផ្ទុយនឹងការអះអាង ពីមុនរបស់ទីក្រុងវ៉ាស៊ីនតោនថា អ៊ីស្រាអែលបានធ្វើសកម្មភាពតែម្នាក់ឯង ។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា “អ៊ីស្រាអែល បានវាយប្រហារមុន។ ការវាយប្រហារនោះមានឥទ្ធិពលខ្លាំងណាស់។ ខ្ញុំទទួលខុសត្រូវយ៉ាងខ្លាំង ចំពោះរឿងនោះ”។

លោក Baghaei បានដកស្រង់សម្ដីរបស់លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីថ្ងៃទី១៣ ខែមិថុនា នៅពេលដែលលោក Rubio បានបដិសេធការចូលរួមរបស់សហរដ្ឋអាមេរិក នៅក្នុងការវាយប្រហារទាំងនោះ ហើយបានហៅពួកគេថាជាសកម្មភាព “ឯកតោភាគី” របស់អ៊ីស្រាអែល  ដោយលោក Baghaei បានឲ្យដឹងថា សេចក្តីថ្លែងការណ៍នោះគឺជា “ការកុហកទាំងស្រុង”។

លោកបានលើកឡើងថា “តាំងពីដើមដំបូងមក វាច្បាស់ណាស់ថា សហរដ្ឋអាមេរិក គឺជាអ្នកចូលរួមយ៉ាងពេញលេញ នៅក្នុងឧក្រិដ្ឋកម្មឈ្លានពានរបស់អ៊ីស្រាអែល ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់” ដោយអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន ទទួលខុសត្រូវចំពោះ “ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងកំហុសដ៏អាក្រក់នេះ” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top