ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោស ការឈ្លានពានយោធា របស់អ៊ីស្រាអែល ប្រឆាំងនឹងប្រទេសលីបង់

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានថ្កោលទោសយ៉ាងខ្លាំងចំពោះ «ការឈ្លានពានយោធាទ្រង់ទ្រាយធំ» ថ្មីៗនេះរបស់អ៊ីស្រាអែល ប្រឆាំងនឹងតំបន់ផ្សេងៗគ្នា នៅក្នុងប្រទេសលីបង់។

លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយក្រសួង ប៉ុន្មានម៉ោងបន្ទាប់ពីយោធាអ៊ីស្រាអែល បានបើកការវាយប្រហារ តាមអាកាសនៅភាគខាងត្បូង ប្រទេសលីបង់ កាលពីថ្ងៃព្រហស្បតិ៍ ដោយកំណត់គោលដៅលើអ្វីដែលខ្លួនពិពណ៌នាថាជា «គោលដៅយោធារបស់ក្រុមហេសបូឡា» ។

លោកបានលើកឡើងថា ការវាយប្រហារយោធារបស់អ៊ីស្រាអែល ប្រឆាំងនឹងប្រទេសលីបង់ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហេសបូឡា បានចូលជាធរមាននៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ បានសម្លាប់ និងធ្វើឱ្យពលរដ្ឋលីបង់ស្លូតត្រង់ជាង ១.០០០ នាក់រងរបួស និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងតំបន់លំនៅដ្ឋាន ដែលជាការរំលោភបំពានយ៉ាងច្បាស់លើអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់រដ្ឋឯករាជ្យ និងជាឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងប្រឆាំងនឹងសន្តិភាព និងសន្តិសុខអន្តរជាតិ។

យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់ និងបីនាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានជាតិលីបង់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top