ជើងហោះហើរជាង ២០០០ ត្រូវបានលុបចោលនៅទូទាំង សហរដ្ឋអាមេរិក ខណៈដែលការបិទ រដ្ឋាភិបាលសហព័ន្ធ ឈានចូលដល់ថ្ងៃទី៤០
វ៉ាស៊ីនតោន៖ ខណៈដែលការបិទរដ្ឋាភិបាល សហព័ន្ធសហរដ្ឋអាមេរិកចូលដល់ថ្ងៃទី៤០ នៅថ្ងៃអាទិត្យ ជើងហោះហើរជាង ២០០០ ត្រូវបានលុបចោល និងជាង ៨០០០ត្រូវបានពន្យារពេលទូទាំងសហរដ្ឋអាមេរិក នេះបើយោងតាមគេហទំព័រ តាមដានជើងហោះហើរ FlightAware។
ចាប់តាំងពីគោលនយោបាយកាត់បន្ថយជើងហោះហើរ របស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានចូលជាធរមាននៅថ្ងៃសុក្រ ចំនួនជើងហោះហើរ ដែលត្រូវបានលុបចោលបានកើនឡើងពី ២០២ នៅថ្ងៃព្រហស្បតិ៍ ដល់ ១,០២៥ នៅថ្ងៃសុក្រ និងបន្ថែមដល់ ១,៥៦៦ នៅថ្ងៃសៅរ៍។
ចំនួនអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ដែលឈប់សម្រាកបានកើនឡើងចាប់តាំងពីការបិទរដ្ឋាភិបាលសហព័ន្ធបានចាប់ផ្តើមនៅថ្ងៃទី ១ ខែតុលា ដែលបង្ខំឱ្យមនុស្សជាច្រើនផ្សេងទៀតធ្វើការលើសម៉ោង។ ក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក និង FAA ថ្មីៗនេះបានប្រកាសកាត់បន្ថយសមត្ថភាព ១០ ភាគរយនៅអាកាសយានដ្ឋានសំខាន់ៗចំនួន ៤០ នៅទូទាំងប្រទេសចាប់ពីថ្ងៃសុក្រ ដោយមានគោលបំណងបន្ធូរបន្ថយសម្ពាធបុគ្គលិក និងកាត់បន្ថយហានិភ័យ សុវត្ថិភាពដែនអាកាស។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន អាមេរិកលោក Sean Duffy បានប្រាប់កាសែត CNN កាលពីថ្ងៃអាទិត្យថា “វានឹងកាន់តែអាក្រក់ទៅៗ ខ្ញុំរំពឹងថាពីរសប្តាហ៍មុន ថ្ងៃបុណ្យ Thanksgiving អ្នកនឹងឃើញការធ្វើដំណើរតាមផ្លូវអាកាសត្រូវបានកាត់បន្ថយមកត្រឹមកម្រិតតិចតួចប៉ុណ្ណោះ”។ នៅថ្ងៃដដែលនោះ លោក Kevin Hassett នាយកក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិអាមេរិកបានប្រាប់គេហទំព័រ CBS ឲ្យដឹងថា ប្រសិនបើមនុស្សមិនធ្វើដំណើរក្នុងអំឡុងពេលបុណ្យ Thanksgiving «យើងពិតជាអាចរំពឹងថា នឹងមានចំណុចអវិជ្ជមានសម្រាប់ត្រីមាសទី៤»៕
ប្រែសម្រួល ឈូក បូរ៉ា
