ប្រជាជនហ្គាហ្សា តស៊ូរស់នៅដោយគ្មានអគ្គិសនី ខណៈសង្គ្រាមបន្សល់ ទុកបណ្តាញអគ្គិសនី ជាគំនរបាក់បែក
ហ្គាហ្សា៖ នៅក្រោមព្រះអាទិត្យដ៏ក្តៅគគុក នៅជិតមន្ទីរពេទ្យ Al-Shifa ក្នុងទីក្រុងហ្គាហ្សា អ្នកស្រី Shorouq Abu Naji អាយុ ២២ ឆ្នាំ កំពុងបោកគក់សម្លៀកបំពាក់កូនៗ របស់ខ្លួនដោយដៃនៅខាងក្រៅតង់មួយ ។ ម្រាមដៃរបស់នាងឡើងក្រហម និងហើមដោយសារការបោកខោអាវ ជាមួយនឹងការរស់នៅដោយគ្មានអគ្គិសនី ។
អ្នកស្រីបានឲ្យដឹងថា “យើងលែងអាចប្រើម៉ាស៊ីនបោកគក់បានទៀតហើយ ដោយសារតែការដាច់ចរន្តអគ្គិសនីរយៈពេលយូរ” ។ “ដៃរបស់ខ្ញុំឈឺគ្រប់ពេល។ ពេលខ្លះខ្ញុំយំដោយសារការឈឺចាប់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
សម្រាប់អ្នកស្រី Abu Naji និងកូនបីនាក់របស់នាង អគ្គិសនី បានក្លាយជាការចងចាំ ដ៏វែងឆ្ងាយ។ អ្នកស្រីបានលើកឡើងថា “អស់រយៈពេលជាងពីរឆ្នាំមកហើយ យើងមិនបានឃើញ មានចរន្ធអគ្គិសនី នៅក្នុងតំបន់របស់យើងទេ”។ “អ្វីគ្រប់យ៉ាងដែលយើងធ្វើឥឡូវនេះ អាស្រ័យលើការខិតខំប្រឹងប្រែងខាងរាងកាយ របស់យើង” ។
កូនប្រុសច្បងរបស់នាងបានប្រគល់ ក្រដាសមួយសន្លឹកដែលមានស្លាក “15” ដល់នាង ជាសញ្ញាសម្គាល់សម្រាប់យកទូរស័ព្ទដៃមកវិញ បន្ទាប់ពីសាកថ្មវានៅស្ថានីយ៍ ថាមពលព្រះអាទិត្យ ។ អ្នកស្រីបានលើកឡើងថា “ប្រសិនបើយើងបាត់ក្រដាសនេះ យើងមិនអាចយកទូរស័ព្ទ របស់យើងមកវិញបានទេ” ដោយបន្ថែមថា ទូរស័ព្ទនេះបម្រើជាឧបករណ៍ទំនាក់ទំនងដ៏សំខាន់ និងជាប្រភពពន្លឺដ៏សំខាន់នៅពេលយប់។
នៅពេលយប់ ស្វាមីរបស់នាងបានដុតភ្លើងតូចមួយនៅខាងក្រៅ។ នាងបានលើកឡើងថា “មុនពេលចូលគេង គាត់ពន្លត់វា ដើម្បីកុំឱ្យតង់ឆេះ”។ “នៅក្នុងតង់ យើងត្រូវពឹងផ្អែកលើពិលទូរស័ព្ទ”។ នៅទូទាំងតំបន់ហ្គាហ្សា តង់បណ្ដោះអាសន្ននៅតែងងឹតបន្ទាប់ពីថ្ងៃលិច បំភ្លឺដោយទៀន ភ្លើងតូចៗ ឬពន្លឺស្រអាប់នៃអេក្រង់ទូរស័ព្ទ។
អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធា ទ្រង់ទ្រាយធំមួយនៅក្នុងតំបន់ហ្គាហ្សានៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីការវាយប្រហារ របស់ក្រុមហាម៉ាស់ លើភាគខាងត្បូងអ៊ីស្រាអែល បានសម្លាប់មនុស្សប្រហែល ១,២០០ នាក់ និងបានឃើញមនុស្សប្រហែល ២៥០ នាក់ផ្សេងទៀតត្រូវបានចាប់ជាចំណាប់ខ្មាំង ។ មិនយូរប៉ុន្មាន អ៊ីស្រាអែលបានដាក់ “ការឡោមព័ទ្ធទាំងស្រុង” លើតំបន់នោះ ដោយកាត់ផ្តាច់ទឹក អគ្គិសនី និងប្រេងឥន្ធនៈ។ ចាប់តាំងពីពេលនោះមក ប្រជាជនភាគច្រើននៃតំបន់ហ្គាហ្សាចំនួន ២ លាននាក់រស់នៅដោយមានអគ្គិសនីតិចតួច ឬគ្មានតែម្ដង៕
ប្រែសម្រួល ឈូក បូរ៉ា
