លោក ដូណាល់ ត្រាំថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយប្រទេសឥណ្ឌា គឺជិតសម្រេចបានហើយ ជាកិច្ចព្រមព្រៀង ខុសពីអ្វីដែលអាមេរិក មានកាលពីមុន
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងញូវដែលីជិត ឈានដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មដែលមានគោលបំណង ជំរុញទំនាក់ទំនងសេដ្ឋកិច្ច ការនាំចេញថាមពល និងការវិនិយោគហើយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់លោក ដូណាល់ ត្រាំ ធ្វើឡើងក្នុងពិធីស្បថចូលកាន់តំណែង របស់បេសកជនអាមេរិកប្រចាំប្រទេសឥណ្ឌា លោក Sergio Gor កាលពីថ្ងៃចន្ទ។
លោក ត្រាំ បាននិយាយថា “យើងកំពុង ទទួលបានកិច្ចព្រមព្រៀងដោយយុត្តិធម៌ គ្រាន់តែជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយយុត្តិធម៌។ យើងកំពុងធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសឥណ្ឌា ជាកិច្ចព្រមព្រៀង ខុសពីអ្វីដែលយើងមានកាលពីមុន” ។
កិច្ចពិភាក្សារវាងប្រទេសទាំងពីរបានជួបភាពច្របូកច្របល់ បន្ទាប់ពីឥណ្ឌាត្រូវ បានគេរាយការណ៍ថា មានការស្ទាក់ស្ទើរក្នុងការយល់ព្រមលើលក្ខខណ្ឌ មួយចំនួនរបស់ទីក្រុងវ៉ាស៊ីនតោន រួមទាំងការបើកវិស័យកសិកម្ម និងទីផ្សារទឹកដោះគោរបស់ខ្លួន។
សហរដ្ឋអាមេរិកបានដំឡើងពន្ធ 50% លើឥណ្ឌា រួមទាំង 25% ជាពន្ធលើ គ្នាទៅវិញទៅមក ហើយនៅសល់ជាវិធានការ ដាក់ទណ្ឌកម្មចំពោះការនាំចូលប្រេងពីរុស្ស៊ី ។ កាលពីសប្តាហ៍មុន លោក ត្រាំ បាននិយាយថា នាយករដ្ឋមន្រ្តី Narendra Modi ចាប់អារម្មណ៍នឹងគាត់ធ្វើទស្សនកិច្ច នៅប្រទេសឥណ្ឌា ហើយថាកិច្ចពិភាក្សាទាក់ទង នឹងកិច្ចព្រមព្រៀង ពាណិជ្ជកម្មមួយគឺ “ដំណើរការដ៏អស្ចារ្យ” ៕
ប្រែសម្រួលៈ ណៃ តុលា
