វេណេហ្ស៊ុយអេឡា រៀបចំ “ការដាក់ពង្រាយកម្លាំង” យ៉ាងសន្ធឹកសន្ធាប់ រួមទាំងមីស៊ីល ក្នុងករណីមានការ វាយប្រហារ របស់អាមេរិក
បរទេស៖ រដ្ឋាភិបាលវេណេហ្ស៊ុយអេឡាបាននិយាយថា ខ្លួនកំពុងរៀបចំកងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការឈ្លានពាន ឬការវាយប្រហារដោយយោធា ដោយសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍មួយដែលត្រូវបានចែករំលែកដោយរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រជាជនលោក Vladimir Padrino កាលពីថ្ងៃអង្គារបាននិយាយថា ការត្រៀមរៀបចំរួមមាន “ការដាក់ពង្រាយទ័ពជើងគោក ជើងអាកាស កងទ័ពជើងទឹក និងមីស៊ីល” ក៏ដូចជាការចូលរួមពីប៉ូលីស កងជីវពល និងអង្គភាពរបស់ប្រជាពលរដ្ឋ។
សេចក្តីប្រកាសនេះបានធ្វើឡើងនៅពេល ដែលការមកដល់ នៃនាវាផ្ទុកយន្តហោះអាមេរិកនៅក្នុងតំបន់នេះ ដែលជំរុញឱ្យមានការរំពឹងទុក នៃសកម្មភាពយោធា ដែលអាចធ្វើទៅបាន ក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាល របស់ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro ដែលជាគូប្រជែងដ៏យូររបស់សហរដ្ឋអាមេរិក។
ភាពតានតឹងរវាងប្រទេសទាំងពីរបានកើនឡើង ចាប់តាំងពីការវិលត្រឡប់មកវិញ របស់ប្រធានាធិបតីអាមេរិក Donald Trump សម្រាប់អាណត្តិទីពីរក្នុងខែមករា។
កាលពីថ្ងៃអង្គារ មន្ទីរបញ្ចកោណបានបញ្ជាក់ថា នាវា Gerald R Ford Carrier Strike Group ដែលរួមមាននាវាផ្ទុកយន្តហោះដ៏ធំបំផុតរបស់ពិភពលោកបានមកដល់សមុទ្រការីប៊ីន ដោយផ្ទុកនាវិកយ៉ាងហោចណាស់ ៤.០០០ នាក់ ក៏ដូចជា “យន្តហោះយុទ្ធសាស្ត្រ” ៕
ប្រែសម្រួលៈ ណៃ តុលា
